លោក ដូណាល់ ត្រាំ ចង់យកនាវាទេសចរណ៍ធំៗ ច្នៃធ្វើជាមន្ទីរពេទ្យបណ្តែតទឹក ខណៈអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់១៥៧នាក់ និងឆ្លង១១.២៧៤ករណី
សហរដ្ឋអាមេរិក៖ កប៉ាល់ទេសចរណ៍ធំៗ អាចនឹងត្រូវប្រើប្រាស់ជាមន្ទីរពេទ្យបណ្តែតទឹក ដើម្បីព្យាបាលអ្នកជំងឺឆ្លងវីរុស COVID-19 នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង ត្រូវបានដកស្រង់ដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលមមជ្ឈមណ្ឌលអាមេរិកសម្រាប់វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ Johns Hopkins និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC បានរាយការណ៍ថា ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកើនឡើង ដល់១ម៉ឺន១ពាន់២៧៤ករណី ក្នុងនោះអ្នកជំងឺ១៥៧នាក់បានស្លាប់ ។
បើតាមលោក ដូណាល់ ត្រាំ នោះ ប្រធានក្រុមហ៊ុន Carnival Corp លោក Micky Arison ដែលជាម្ចាស់ក្រុមហ៊ុនកប៉ាល់ល្បីៗបាននិយាយថា លោកមានកប៉ាល់មួយចំនួនដែលសក្តិសមបំផុតសម្រាប់អ្វីដែលកំពុងកើតឡើង ដោយសារតែពួកវាមានទំហំធំ និងបន្ទប់ច្រើន ហើយប្រសិនបើរដ្ឋាភិបាលអាមេរិកត្រូវការ លោកនឹងដាក់ពង្រាយកប៉ាល់ទាំងនោះ តាមទីក្រុងផ្សេងៗរបស់សហរដ្ឋអាមេរិក ៕