កងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ធំបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពក្នុងបរិបទកូវីដ-19

ខេត្តកំពង់ធំ ៖ កងកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែនចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វយ៉ាងសកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពក្នុងបរិបទកូវីដ19 ដោយអនុវត្តតាមផែនការប្រឡងប្រណាំងទាំងប្រាំខ្លឹមសារ របស់បញ្ជាការដ្ឋានយោធភូមិភាគទី ៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើនផលនិងចិញ្ចឹមសត្វ តាមការចាត់តាំងរបស់ប្រធានផែន ចលនាប្រលងប្រឡងប្រណាំង ចំណោមខេត្តទាំងបួនចំណុះយោធភូមិភាគ ក្នុងដំណាក់កាលប្រឆាំងការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 នៅរសៀលថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021 ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ដែលត្រូវបានថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងជាប្រធានផែន ប្រឡងប្រណាំងរបស់ផ្នែកសឹករងក្រុងស្រុកទាំង 9ជាថ្មីម្ដងទៀត ក្រៅពីភារកិច្ចត្រៀមកម្លាំងចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ការហ្វឹកហ្វឺនរៀនសូត្រ និងការសហការការពារសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន អង្គភាពបានដំណើរការចិញ្ចឹមសត្វ ។

សត្វ ដែលកំពុងចិញ្ចឹម មានមាន់ទាជាង 300 ក្បាល ស្រះចិញ្ចឹមត្រីមានចំនួន ២ស្រះ មានត្រីជាង ៤ ម៉ឺន ៥ពាន់ក្បាល សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃនៅក្នុងអង្គភាព និងសត្វគោចំនួន 20 ក្បាលសម្រាប់ត្រៀមចែកជូនដល់យោធិនដែលត្រូវចូលនិវត្តន៍ក្នុងមួយនាក់មួយក្បាល និងសម្រាប់លក់ដូរដោះស្រាយការងារក្នុងអង្គភាព ក្នុងនោះដំណាំ មានត្រកួន ស្ពៃ ឆៃថាវ តាំងអោ ជីគ្រប់មុខ សម្រាប់ហូបចុកប្រចាំថ្ងៃនៅក្នុងរោងបាយរបស់អង្គភាពនឹងបានផ្ដល់ជូនដល់ក្រុមគ្រួសារនៅខាងក្រោយសម្រាប់ហូបចុកផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះអង្គភាពផ្នែកសឹករងក្រុងស្ទឹងសែន ប្រធានផែនចលនាប្រឡងប្រណាំងលើផ្នែកសឹករងក្រុងស្រុកទាំង 9 បានអនុវត្តបានយ៉ាងល្អប្រសើរ ក្នុងចលនាប្រឡងប្រណាំងទាំង 5 ដែលយោធភូមិភាគទី 4 បានដាក់ចេញ ពិសេសចលនាប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរបស់កងទ័ពក្នុងបរិបទដែលប្រទេសជាតិយើងកំពុងរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវី19 ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner