អ្នកទះកំផ្លៀងប្រធានាធិបតីបារាំង ជាប់គុក១៨ខែ បង់ប្រាក់ជាង៥ម៉ឺនដុល្លារ
ថ្មីៗនេះ ប្រធានាធិបតីបារាំងត្រូវបានគេទះកំផ្លៀង ពេលលោកទទួលស្វាគមន៍ប្រជាពលរដ្ឋ។ ពេលនេះ អ្នកដែលបង្កនោះត្រូវបានតុលាការប្រទេសបារាំងបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ដែលក្នុងនោះ ទោសចំនួន ១៤ ខែត្រូវបានព្យួរជាបណ្តោះអាសន្នសិន។
លោក Damien Tarel បានវាយប្រហារលោក Emmanuel Macron ដោយទះមួយកំផ្លៀងនៅពេលដែលប្រធានាធិបតីបារាំងរូបនេះកំពុងដើរចាប់ដៃគ្នាជាមួយអ្នកគាំទ្រនៅតំបន់ Drome។ តាមពិតទៅ លោកថា លោកមានគម្រោងចង់គប់ពងមាន់ ទៅលើប្រធានាធិបតី ប៉ុន្តែលោកបានបន្ថែមថា ការទះកំផ្លៀង លោកមិនបានគិតទុកជាមុននោះទេ។ លោក Tarel ត្រូវបានសារព័ត៌មានដកស្រង់សម្តីពេលបានប្រាប់ទៅកាន់តុលាការ លោក Macron តំណាងឱ្យការពុកផុយ និង ចុះអន់ថយរបស់ប្រទេសបារាំង។
បុរសវ័យ២៨ឆ្នាំរូបនេះក៏ត្រូវបានពិន័យជាប្រាក់ជាង៥ម៉ឺនដុល្លារផងដែរ ក្រៅពីការជាប់ឃុំ ពីបទប្រើអំពើហឹង្សាលើមន្រ្តីសាធារណៈដែលជាបទល្មើសមួយ៕



