សម្តេចតេជោបញ្ជាក់ថា រហូតដល់ខែវិច្ឆិកា កម្ពុជាអាចចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋបាន១០លាននាក់ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងអាចមានលទ្ធភាពចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួនបានរហូត ដល់១០លាននាក់ នៅក្នុងខែវិច្ឆិកាចុងឆ្នាំនេះ។ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញលទ្ធភាពចាក់វ៉ាក់សាំងបង្កាកូវីដ១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤មិថុនា ក្នុងឳកាសដែលសម្តេចបានអនុញ្ញាត ឯកអគ្គរដ្ឋទូត ថ្មីសាធារណរដ្ឋឆែក លោក Martin Vávra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន២លាន៩សែន៣ម៉ឺន៩ពាន់៥៤៣នាក់ហើយដែល ស្មើនឹងជាង២៩,៣៩% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំង ដូសទី២រួច មានចំនួន២លាន៤សែន៨ម៉ឺន៨ពាន់៨៩០នាក់។ កម្ពុជាកំពុងសម្រុករកការបញ្ចប់យុទ្ធនាការចាក់ វ៉ាក់សាំងក្នុងរាជធានីនិងក្នុងខេត្តកណ្តាលដែលជាដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១។ នៅក្នុងរាជធានីភ្នំពេញ ខណ្ឌចំនួន៣និងខណ្ឌដែលស្ថិតក្នុងអតីតតំបន់ក្រហម នៅតែបន្តចាក់នៅ ឡើយទេ។

យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីត តំបន់ ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន៩៩ម៉ឺន៣ពាន់៩០២នាក់, ខណៈការចាក់លើកទី២ បានចំនួន៨៥ម៉ឺន៤ពាន់ ២៧៧នាក់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន បានថ្លែងកាលពីសប្តាហ៍មុនថា រាជរដ្ឋាភិបាល នឹងពង្រីកការចាក់វ៉ាក់សាំងលើពលរដ្ឋឲ្យបាន១៣លាននាក់ដែលស្មើនឹង២៦លានដូស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner