អ្នកចាក់វ៉ាក់សាំងកើនជាង៣លាននាក់, ស្ត្រីទី៣លានទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀល (Video Inside)
យុទ្ធនាការសម្រុកចាក់វ៉ាក់សាំង បានកើនដល់៣០ភាគរយហើយនៃចំនួនចាក់១០លាននាក់ទូទាំងប្រទេស។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋបានចំនួន៣លាន២៦៤នាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន២លាន៥សែន៣ម៉ឺន ៧ពាន់២៧៤នាក់។
សេចក្តីរាយការណ៍បានបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងទី៣លាន ដែលជាស្ត្រីមេម៉ាយអាយុ ៤៨ឆ្នាំឈ្មោះស៊ុ សំអឿន រស់នៅក្នុងខេត្តកណ្តាល បានទទួលប្រាក់ជំនួយឧបត្ថម្ភ១០លានរៀល ដែលជាប្រាក់ រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះអ្នកដែលទទួលវ៉ាក់សាំងបង្កាកូវីដ១៩ណាដែលស្ថិតចំលេខទី១ លាន, ទី២លាន ទី៣លាននិងរំពឹងទី៤លាន, ៥លានជាបន្តបន្ទាប់ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង បញ្ជាក់ថា រហូតដល់ខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងរំពឹងការចាក់លើមនុស្សបានដល់ចំនួន១០លាននាក់។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងនៃម្ជុលលើកដំបូងតាំងពីថ្ងៃទី៨កុម្ភៈ ដែលម្ជុលចាក់លើកដំបូងនៃវ៉ាក់សាំងស៊ី ណូហ្វាម គឺបានចាក់លើកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី លោកហ៊ុនម៉ាណែត។
នៅថ្ងៃទី១១មេសាឆ្នាំ២០២១ មនុស្សទីមួយលានដែលទទួលការចាក់វ៉ាក់សាំងនិងបានទទួលការឧបត្ថម្ភលើកទឹកចិត្ត១០លានរៀលលើកដំបូង គឺជាបុរសអាយុ៣៦ឆ្នាំ ឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធិ ដែលជាអ្នកលក់ដូរក្នុងរាជធានីភ្នំពេញ, ចំណែកមនុស្សទី២លាន ដែលទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀល គឺស្ត្រីកម្មការីនីរោងចក្រ ទិតចិន្តា និងមនុស្សទី៣លានដែលរស់ នៅ ក្នុងខេត្តកណ្តាលឈ្មោះស៊ុ សំអឿន បានទទួលប្រាក់ឧបត្ថម្ភនៅថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់កាលពីសប្តាហ៍មុនឲ្យដឹងទៀតថា រាជរដ្ឋាភិបាល នឹងពង្រីកការ ចាក់វ៉ាក់សាំងលើពលរដ្ឋឲ្យបានរហូតដល់១៣លាននាក់ដែលស្មើនឹង២៦លានដូស។