វ៉ាក់សាំងកូវីដ ជាង ១០លានដូសហើយ ដែលកម្ពុជា ទទួលបានពីប្រទេសចិន
នាព្រឹកថ្ងៃទី២៨ មិថុនា វ៉ាក់សាំងចិន សម្រាប់ប្រយុទ្ធប្រឆាំង លើជំងឺកូវីដ ចំនួន១លានដូស ដែលជាការបញ្ជាទិញ របស់ភាគីកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញ ។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ មិថុនា បានឲ្យដឹងថា វ៉ាក់សាំងកូវីដ ដែលភាគីចិន បានផ្តល់ជូនភាគីកម្ពុជា រហូតមកដល់ពេលនេះ មានចំនួនលើស ពី១០លានដូស ។
ស្ថានទូតចិនបានបន្តថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង លើជំងឺវីរុសមួយនេះ ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់កម្ពុជា ចំនួន២លាន ២សែនដូស ។ ទន្ទឹមនឹងនោះ ភាគីចិន ក៏បានប្រគល់វ៉ាក់សាំងកូវីដ ចំនួន៨លាន ៥សែនដូស ដែលជាការបញ្ជាទិញ ជូនដល់ភាគីកម្ពុជាផងដែរ ។
ស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកវ៉ាក់សាំងចិន គឺនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតភាពស៊ាំ ក្នុងប្រទេសកម្ពុជា កាន់តែឆាប់រហ័ស ។ ជាមួយគ្នានោះ ប្រទេសចិនបានបន្យាថា នាពេលបន្តបន្ទាប់ ភាគីចិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែង បង្ហាញពីអត្ថន័យស្នូល នៃសហគមន៍វាសនារួម រវាងចិននិងកម្ពុជា និងខិតខំអនុវត្ត តាមប្រសាសន៍ដ៏សំខាន់ របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដ ជាផលិតផល សាធារណៈសម្រាប់សកលលោក ។
កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ។ យោងតាមក្រសួងសុខាភិ បាល សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំង ពីក្រុមហ៊ុនចិន រហូតដល់ទៅ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំង ប្រមាណ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។
វ៉ាក់សាំងបានក្លាយទៅជា វិធានការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិត ប្រជាពលរដ្ឋពីជំងឺឆ្លងនោះ ។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជាមានផែនការចាក់វ៉ាក់សាំង ជូនប្រជាជន ឲ្យបានយ៉ាងហោច ១០លាននាក់ នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ។ គិតចាប់ពីថ្ងៃទីខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៧ មិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣លាន ៩សែននាក់ ស្មើនឹងជាង ៣៩ភាគរយហើយ ៕