សម្តេចតេជោ ប្រកាស រកឃើញមនុស្សដែលចាក់វ៉ាក់សាំងកូវីដ-១៩ ទី៤លាន នឹងទទួល នូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេកប៊ុកថា កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន
និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ
រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក
បុទុមសាគរ ខេត្តកោះកុង។
សម្តេចបានថ្លែងទៀតថា ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។លោកជំទាវឱ វណ្ណឌីន នឹងនាំសម្ភារះថវិការទៅជូនប្អូនសូ សយនិង
ក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។
សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕