ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការលក់ឧបករណ៍តេស្តរហ័សអង់ទីហៀនកូវីដ-១៩ (Covid-19 Rapid Antigen Test)

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១នេះស្តីពីការលក់ឧបករណ៍តេស្តរហ័សអង់ទីហៀនកូវីដ-១៩ (Covid-19 Rapid Antigen Test)ដែលនាំចូលមកពីប្រទេសកូរ៉េ។

          បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា នេះ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយ បន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។

ក្រសួងបន្តឱ្យដឹងថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅ យកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។

ប្រភពខាងលើដដែលនេះបញ្ជាក់ថា ក្នុងន័យនេះ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មករ របស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍តគូរហ័សនេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ 123 / 067 818 782 / 017 848 108 / 077 867 957 នៅរៀងរាល់ ម៉ោងធ្វើការ។

  ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) របស់ក្រសួង ដែលមាន ឈ្មោះគណនី MPTC និងលេខគណនី 567 789 123។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងសហការជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ ឧបករណ៍តេស្ដរហ័សនេះ។

ក្រសួងប្រៃសណីយ៍បន្តឱ្យដឹងថា ដូចបញ្ជាក់ខាងលើនេះសូមថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រងទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner