សម្តេចនាយករដ្ឋមន្ត្រីពង្រឹងវិធានការបង្ការទប់ស្កាត់កូវីដ១៩ ក្រោយការឆ្លងកាន់តែពុះកញ្ជ្រោល (Video Inside)
ការឆ្លងកូវីដ១៩ដែលកើនឡើងឈានចូលជាង៥ម៉ឺននាក់ក្នុងសប្តាហ៍នេះ បាននាំឲ្យមានភាពខ្វល់ខ្វាយនិង បារម្ភខ្លាចក្រែងសន្ទុះឆ្លងខ្ពស់នៅតែបន្តទៅមុខ។ ក្នុងសប្តាហ៍មកដល់នេះ ការឆ្លងថ្ងៃទី៣០មិថុនាបានកើនដល់ ១ពាន់១៣០ករណី និងថ្ងៃទី១កក្កដាឆ្នាំ២០២១ ការឆ្លងមានចំនួន៩៩៩ករណី, ចំណែកការស្លាប់ទាំង២ថ្ងៃជាប់ នេះ មានចំនួន៥៣នាក់ដែលជាតួលេខឆ្លងខ្ពស់មិនធ្លាប់ជួបប្រទះចាប់តាំងពីកម្ពុជាបានរងនឹងការឆ្លងកូវីដ១៩ កាលពីដើមឆ្នាំ២០២០នោះមក។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលក្នុងសប្តាហ៍នេះ បានថ្លែងបង្ហាញក្តីបារម្ភថា ការឆ្លងមិនស្រាកស្រាន្តនេះ បានដើរមកដល់គំនូសក្រហមហាមឃាត់ហើយ។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែននៅថ្ងៃទី១កក្កដាដែលមិនទាន់បញ្ចប់ការ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួចផងនោះ បានបង្ហាញវត្តមាននៅតាមកញ្ចក់ទូរទស្សន៍ជាតិថ្លែងបញ្ជាក់នូវយុទ្ធសាស្ត្រដាក់ចេញថ្មីនិង ការពង្រឹងគោលការណ៍បង្កានិងការទប់ស្កាត់ ក្នុងកិច្ចខិតខំចាត់វិធានការធ្វើយ៉ាងណាដើម្បីឲ្យតួលេខឆ្លងនឹង អាចថយចុះមកវិញ។