៦ខែដើមឆ្នាំមានមនុស្ស២៦នាក់ស្លាប់និងរបួសដោយសារគ្រាប់មីន (Video Inside)
មនុស្សយ៉ាងហោច២៦នាក់បានស្លាប់និងរងរបួស ដោយសារមីននិងរងគ្រោះដោយសំណល់ជាតិផ្ទុះពី សង្គ្រាមរយៈពេល៦ខែដើមឆ្នាំ២០២១នេះ។ របាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និង សំណល់ជាតិ ផ្ទុះពីសង្គ្រាមនៅកម្ពុជា CMVIS បានឲ្យដឹងថារវាងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ឧប្បត្តិហេតុ គ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២២លើក ដែលបានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរបួសសរុបចំនួន ២៦នាក់។
តួលេខគ្រោះថ្នាក់នេះ ត្រូវគេកត់សម្គាល់ថា បានថយចុះ ៣២% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះ៣៨នាក់។ ទំហំផ្ទៃដី ដែលសេសសល់ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡា និងកម្ពុជា មានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥៕