រាជរដ្ឋាភិបាលកម្ពុជា នឹងបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលកំពុងសិក្សានៅអាមេរិក
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ឈប់ការបង់ថ្លៃសិក្សាឱ្យពួកគេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ចំពោះករណីនេះ ក្រសួងការពារជាតិកម្ពុជា កំពុងតែធ្វើកិច្ចការងារនេះ ជាមួយភាគីសហរដ្ឋអាមេរិក។ ប៉ុន្តែសម្តេចមិនបានបញ្ជាក់លម្អិតនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២ ខែកក្កដា បានឲ្យដឹងថា យោងតាមការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកបញ្ឈប់ការបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់នូវចំណាត់ការបន្ទាន់ និងចាំបាច់ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ដូចតទៅ៖
ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ភាគីអាមេរិក និងនៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួន ជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ។
និស្សិតកម្ពុជា ចំនួន៦នាក់ ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួន ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឱ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ ដោយសារ តែកម្ពុជាបានបាត់បង់ ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។
និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាស ចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រ ចំនួន១រូប។ នេះបើតាមការបញ្ជាក់របស់ និស្សិត និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រាប់វីអូអេ ខេមរភាសា។
និស្សិតទាំងនេះ ខ្លះបានសិក្សាដល់ឆ្នាំទី៤ ដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំសិក្សាថ្មី២០២២ខាងមុខ។ ពួកគេត្រូវបានជ្រើសរើសតាមរយៈកម្មវិធីអាហារូបករណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយស្ថានទូតប្រចាំ នៅកម្ពុជាជ្រើសរើសដោយផ្ទាល់ ហើយអ្នកខ្លះមិនទាន់មានក្របខណ្ឌជាទាហាននៅក្នុងជួរកងយោធពលខេមរភូមិន្ទនៅឡើយទេ៕
ដោយ: ពលជ័យ
