ច្រកទ្វារព្រំដែន ចំនួន០៤ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និង សមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការរឹតបន្តឹងក្នុងការចុះយកវត្ថុសំណាកធ្វើតេស្តរហ័ស(RapidTest)ដល់តៃកុងឡានបើកបរ ឆ្លងកាត់ចេញ-ចូលនៅតាមច្រកទាំងនោះ
ក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែមិថុនានិងថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន(OD) បានធ្វើសំណាក តេស្តរហ័ស Rapid Test ទៅលើអ្នកបើកបររថយន្ត ចេញ-ចូល ប្រទេសថៃ ស្ថិតនៅតាមបន្ទាត់ព្រំដែនខ្មែរថៃនៃច្រកទ្វារសំខាន់ៗមួយចំនួន ដែលស្ថិតក្នុងភូមិសាស្ត្រក្នុងស្រុកទាំង៣របស់ខេត្តបាត់ដំបងក្នុងនោះ៖ រួមមានស្រុកសំពៅលូន ស្រុកកំរៀងនិងស្រុកភ្នំព្រឹកនិងមាត់ច្រកទ្វារព្រំដែនថៃដែលជាប់និងភូមិសាស្ត្រស្រុកខាងលើ ក្នុងនោះ៖ច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ថិតក្នុងស្រុសំពៅលូន,ច្រកអន្តរជាតិដូងក្នុងភូមិសាស្ត្រស្រុកកំរៀង, ច្រកទ្វារតំបន់ស៊ួនស៊ុ(អូរអន្លក់) ក្នុងស្រុកកំរៀង និងច្រកទ្វារតំបន់អូររំដួល ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ដែលទទួលបាននៅព្រលប់ ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១ ដោយគិតត្រឹមថ្ងៃទី៣០ខែមិថុនានិងថ្ងៃទី០១ខែកក្កដានេះបានឲ្យដឹងថា៖ រយៈពេលចាប់ផ្តើមធ្វើតេស្តរហ័សសំណាក ទៅលើអ្នកបើកបររថយន្ត និងអ្នកជំនួយការ ក្នុងរថយន្តទាំងជនជាតិខ្មែរ និង ជនជាតិថៃ ពីក្រុមគ្រូពេទ្យប្រចាំការមាត់ច្រកទ្វារទាំង៤គោលដៅខាងលើ ក្នុងនោះ៖ អ្នកបើកបរ និងជំនួយការរថយន្តខ្មែរ សរុបចំនួន ៦៩០នាក់ ស្មើនិងចំនួនរថយន្តសរុប២៥៥គ្រឿង បានធ្វើតេស្តរហ័សរកឃើញ”វិជ្ជមានកូវីដ-19″សរុបចំនួន ១២នាក់។ ដោយឡែកអ្នកបើកបរនិងជំនួយការរថយន្តថៃ សរុបចំនួន១៧១នាក់ ស្មើនិងចំនួនរថយន្តសរុប១៤៧ គ្រឿង និងបាន ធ្វើតេស្តរហ័ស ជាលទ្ធផល”អវិជ្ជមាន”។
ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២១បានឲ្យដឹងផងដែរថា៖ ចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកលដោយជំងឺកូវីដ-19 ក្នុងនោះ៖ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ-19សរុបចំនួន ១.០៥៦នាក់, បានព្យាបាលឲ្យជាសះស្បើយ សរុបចំនួន ៥៩០នាក់។ករណីស្លាប់សរុបចំនួន ០៧នាក់ ក្នុងនោះជនបរទេស០១នាក់ និងអ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត មានចំនួន សរុប៤៥៩នាក់។ ជាមួយគ្នានេះផងដែរនៅថ្ងៃទី០២ខែកក្កដានេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញករណីវិជ្ជមានថ្មីបន្ថែម ចំនួន៦៦នាក់(សហគមន៍ចំនួន៥៥នាក់-ពលករមកពីថៃចំនួន១១នាក់ និងព្យាបាលជាសះស្បើយ ចំនួន១០នាក់។ និងដោយឡែកពាក់ព័ន្ធតំបន់បិទខ្ទប់កន្លងមក។ ក្នុងនោះអាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបង បានប្រកាសបើកឲ្យដំណើរការលក់ដូរជាប្រក្រតីធម្មតាឡើងវិញ នូវ ផ្សារធំថ្មីបាត់ដំបង (ផ្សារណាត់)។ហើយនៅរសៀលថ្ងៃដដែល បានប្រកាសបិទខ្ទប់ផ្សារបឹងឈូក និង ធនាគារឯកជនអ៊ីអន នៅក្នុងក្រុងបាត់ដំបង ជាបណ្តោះអាសន្ន ដោយសារករណីរកឃើញការឆ្លងកូវីដ-19 នៅទីតាំងទាំង២ខាងលើនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប។)





















