ឆ្លងចរន្តអគ្គិសនីឆេះធនាគារ PRINCE BANK មួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆេះធានាគារ PRINCE BANK មួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាល់ពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ នៅអាគារផ្សារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ ហួ សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរជាអ្នកគ្របគ្រងសាខា ។
បើតាមប្រភពព័ត៌មានពីបងប្រុសជាសន្តិសុខយាមនៅទីនោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានអង្គុយយាមនៅខាងមុខធនាគារ PRINCE BANK នៅអាគារផ្សារអូឡាំព្យា ហើយកំពុងតែអង្គុយយាមសុខៗ ខណៈពេលនោះ ក៏មានក្លិនផ្សែងឈ្ងៀមចេញមកខាងក្រៅ ក៏ស្រាប់តែរូបគាត់ បានដើរទៅមើលឃើញមានផ្សែងខ្មៅហុយចេញមកខ្មួលខ្មាញ់ពីខាងក្នុងធនាគារ PRINCE BANK នៅជាន់ទី៣ ដោយសង្ស័ថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើងឆេះ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចេញរថយន្តទឹកជាច្រើនគ្រឿងចុះមកអន្តរាគមន៍ពន្លត់បានទាន់ពេល។
សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើងនៅជាន់ទី៣ ក្នុងធានាគារ PRINCE BANK ប្រភេទសំណង់ៈ ថ្មបេតុង (ទំហំ ១២ម៉ែត្រ× ២០ម៉ែត្រ) សំភារៈខូចខាតរួមមាន៖ ឆេះកុំព្យូទ័រ ២០គ្រឿង តុទូ និងឯកសារមួយចំនួន តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទាំងអស់សរុបចំនួន២៧គ្រឿង ដោយប្រើរយៈពេល៣០នាទី ទើបធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅថ្ងៃខែឆ្នាំដដែល៕ ដោយ/ ឆៃហួត





