ក្រសួងទេសចរណ៍ ស្នើភាគីឥណ្ឌា ជួយអភិវឌ្ឍសហគមន៍ ទួលព័ន្ធតាឡី (បឹងស្នេហ៍) នៅខេត្តព្រៃវែង
ព្រៃវែង ៖ ក្រសួងទេសចរណ៍ បានស្នើភាគីឥណ្ឌា ជួយអភិវឌ្ឍសហគមន៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានសក្ដានុពលធម្មជាតិ និងសម្បូរសត្វស្លាប ជាច្រើនប្រភេទ ជាពិសេស ប្រភេទសត្វស្លាបកម្រ ដែលបានកំពុងបន្តពូជ ពងកូនរាប់ម៉ឺនក្បាល នៅតាមព្រៃលិចទឹក និងព្រៃល្បោះជាដើម ។
សំណើនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ច របស់លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅសហគមន៍ទេសចរណ៍ ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដើម្បីស្វែងយល់ អំពីសក្តានុពលទេសចរណ៍នៅទីនោះ និងពិនិត្យលទ្ធភាព ក្នុងការជួយអភិវឌ្ឍសហគមន៍នេះ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការរៀបចំ របស់ក្រសួងទេសចរណ៍ ដែលមានឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែង ប្រធានមន្ទីរទេសចរណ៍ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អភិបាលស្រុកបាភ្នំ មេឃុំធាយ ប្រធានសហគមន៍ និងភាគីពាក់ព័ន្ធនានា ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបសម្ដែងការគួរសម រវាងលោកជំទាវអគ្គរដ្ឋទូត និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាពេលកន្លងមក ដើម្បីជំរុញកិច្ចសហការ រវាងស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងរវាងប្រទេសទាំងពីរ ។
នាឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញការគាំទ្រ ចំពោះគម្រោង ដែលមានឥទ្ធិពលលឿន ដែលបានស្នើឡើង ដោយក្រសួងទេសចរណ៍ ក្នុងការរួមចំណែក អភិវឌ្ឍតំបន់សហគមន៍នេះ ពិសេសផ្តោតលើការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ការកសាងចំណតទូក សម្រាប់ដឹកភ្ញៀវទេសចរ មជ្ឈមណ្ឌលពត៌មានទេសចរណ៍សហគមន៍ និងការដំឡើងប៉ាណូ បង្ហាញទីតាំងសហគមន៍ជាដើម ។
គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី មានសក្ដានុពលធម្មជាតិ និងសម្បូរសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វស្លាបកម្រ ដែលបានកំពុងបន្តពូជ ពង កូន រាប់ម៉ឺនក្បាល នៅតាមព្រៃលិចទឹក និងព្រៃល្បោះជាដើម ។ បច្ចុប្បន្ន ជារៀងរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើន បានទៅកម្សាន្ត និងទស្សនាសត្វស្លាប នៅតំបន់នេះ ៕







