កាណាដាបញ្ជាជម្លៀសប្រជាជនខ្លួន ខណៈភ្លើងឆេះព្រៃកំពុងរាតត្បាតឆ្នេរភាគខាងលិចនៃប្រទេស
ហួន ឌីណា
ប្រជាជនរស់នៅផ្នែកនានាក្នុងខេត្ត British Columbia របស់កាណាដា ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះ ខណៈមានភ្លើងឆេះព្រៃធ្ងន់ធ្ងរកំពុងរាតត្បាត ក្រោយពីរលកកម្ដៅដែលសម្លាប់មនុស្សអស់រាប់រយនាក់ វាយលុកខេត្តជាប់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសមួយនេះកាលពីសប្ដាហ៍មុន។
យោងតាមព័ត៌មានសេវាកម្មភ្លើងឆេះព្រៃរបស់ខេត្ត គិតត្រឹមពាក់កណ្ដាលថ្ងៃសៅរ៍នេះ ភ្លើងបានឆាបឆេះចំនួន ១៧៦ កន្លែងនៅទូទាំង British Columbia រួមទាំង ៧៦ កន្លែងផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២ ថ្ងៃកន្លងមក។
ស្រុក Thompson-Nicola ដែលគ្របដណ្តប់ដោយភូមិ និងក្រុងចំនួន ១១ និងរងគ្រោះធ្ងន់ធ្ងរជាងគេ បានចេញបទបញ្ជាឱ្យប្រជាជនជម្លៀសចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ចំនួន៩ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។
ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណេះ បន្ទាប់ពីខេត្ត British Columbia បានបំបែកកំណត់ត្រាថ្មី ដោយសីតុណ្ហភាពនៅភូមិ Lytton ចម្ងាយប្រហែល ២៧៥ គីឡូម៉ែត្រភាគឦសាននៃក្រុង Vancouver បានឡើងរហូតដល់ ៤៩,៦ អង្សាសេ ដែលជាចំណុចក្ដៅបំផុតមិនធ្លាប់មានពីមុនមកនៅកាណាដា។ ភ្លើងឆេះព្រៃដ៏ធំបានចាប់ផ្ដើមវាយប្រហារភូមិនេះកាលពីសប្ដាហ៍មុន ហើយមកទល់ពេលនេះ មនុស្ស ២ នាក់ហើយ ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត។
ក្រុមអ្នកជំនាញ បានទាញភ្ជាប់បញ្ហានេះ រួមទាំងរលកកម្ដៅថ្មីៗផង ទៅនឹងបម្រែបម្រួលអាកាសធាតុ ខណៈក្រុមឧតុនិយមនិយាយថា រលកកម្ដៅកើតឡើងដោយសារតែដូមកម្ដៅ ដែលជាប្រព័ន្ធអាកាសធាតុទប់ខ្យល់ក្ដៅនៅឆ្នេរភាគខាងលិចនៃទ្វីបអាមេរិកខាងជើង។

Lytton's Main Street, before and after yesterday's devastating fire.
— Justin McElroy (@j_mcelroy) July 1, 2021
(Photo from a Chilliwack Fire Department member) pic.twitter.com/OaoRvg1ch3
ប្រភព៖
- Evacuations ordered as wildfires rip through Canada’s west coast https://www.aljazeera.com/news/2021/7/3/evacuations-ordered-wildfires-rip-through-canada-west-coast


