WHO ៖ វ៉ារ្យ៉ង់​កូវីដ-១៩ ​Delta ​ឆ្លង​លឿន​ជាង​ការ​ចែក​ចាយ​វ៉ាក់សាំង​ រា​ត​ត្បាត​ជាង​ ៩៨​ ប្រទេស​​

ហួន​​ ឌី​ណា​​​​

​វេជ្ជ​បណ្ឌិត​ Tedros​​ Adhanom ​Ghebreyesus​ អគ្គ​នា​យក​អង្គការ​សុខភាព​ពិភពលោក​ ក្រើន​​រំលឹក​​​​ថា​ ប្រទេស​អ្នក​មាន​ កំពុង​ចែក​ចាយ​វ៉ាក់សាំង​ឱ្យ​បណ្តា​ប្រទេស​​មាន​ប្រាក់​ចំណូល​ទាប​មាន​លក្ខណៈ​​យឺត​យ៉ាវ​ ​សម្រាប់​​​ការពារ​ការ​រាតត្បាត​នៃ​​វ៉ារ្យ៉ង់​កូវីដ-១៩ ​Delta ហើយ​វា​​កំពុង​ក្លាយជា​​ហានិភ័យ​​ខ្ពស់​​​ដល់​អាយុ​ជីវិត​ប្រជាជន​រាប់​លាន​ ខណៈ​ដែល​វ៉ារ្យ៉ង់​ប្រភេទ​នេះ​បា​ន​រាត​ត្បាត​ជាង​​៩៨​ ប្រទេស​រួច​មក​ហើយ​។​

​​លោក ​Ghebreyesus ​បាន​និយាយ​ថា​ មេដឹក​នាំ​ពិភព​លោក​នានា​ត្រូវ​តែ​ធានា​ថា​ យ៉ាង​ហោច​ណាស់​ ១០ ​ភាគរយ​នៃចំនួន​​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​អស់​ ​បាន​ទទួល​​វ៉ាក់សាំង​នៅ​ចុង​ខែ​កញ្ញា​ ដូច្នេះ​ក្រុម​ពលរដ្ឋ​​ងាយ​រងគ្រោះ​ និង​បុគ្គលិក​សុខាភិបាល​នឹង​ត្រូវ​បាន​ការពារ​។​

លោក​​ថា​ វ៉ារ្យ៉ង់​​ Delta ​បង្ករ​គ្រោះថ្នាក់​ និង​​កំពុង​បន្ត​វិវត្ត​ ​ហើយ​​បំលែង​ខ្លួន​ ដែល​ទាមទារ​ឱ្យ​មាន​ការ​តាមដាន​វាយតម្លៃ​​ឥត​ឈប់​ឈរ​ រួមទាំង​​ការ​កែ​តម្រូវ​យ៉ាង​ប្រុង​ប្រយ័ត្ន​នៃ​ការ​ឆ្លើយ​តប​សុខភាព​សាធារណៈ​​​ ព្រោះ​ថា​វ៉ារ្យ៉ង់​ប្រភេទ​នេះ​កំពុង​តែ​រីក​​​រាល​ដាល​យ៉ាង​លឿន​ទាំង​ក្នុង​ប្រទេស​​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ និង​ខ្ពស់​។​

លោក​ Ghebreyesus ​បន្ថែម​ថា​៖ «​ពិភពលោក​ត្រូវ​តែចែក​រំលែក​ឧបករណ៍​ការពារ អុកស៊ីសែន ការធ្វើ​តេស្ត​ ការ​ព្យាបាល​ និងវ៉ាក់សាំង​ដោយ​ស្មើ​ភាព​គ្នា​ ហើយ​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ ​ប្រជាជន​ចំនួន​ ៧០​ ភាគ​រយ​នៅ​គ្រប់​ប្រទេស​គួរ​តែ​ទទួល​បាន​វ៉ាក់សាំង​»​។ ​លោក​ថា​ ការ​ធ្វើ​បែប​នេះ​ ជា​វិធី​ល្អ​បំផុត​ដើម្បី​បន្ថយ​ការ​រាត​ត្បាត​ ជួយ​សង្គ្រោះ​អាយុ​ជីវិត​ ​និង​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​យ៉ាង​ពិត​ប្រាកដ​​​។​

​កាល​ពី​សប្តាហ៍​មុន​ មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ ធនាគារ​ពិភពលោក​ (World Bank) និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បាន​ចូល​រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​បន្ទាន់​ដើម្បី​បង្កើនការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​។​ ​ក្រុម​អង្គការ​ទាំង​នេះ​ ក៏​បាន​ស្នើ​ដល់​ក្រុម​ប្រទេស​ G-២០​ ឱ្យ​បង្កើន​ល្បឿន​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ដល់​គោល​ដៅ​ចាក់​វ៉ាក់សាំង​។​

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​សង្កត់​ធ្ងន់​លើ​ភាព​បន្ទាន់​នៃ​ការ​ចាក់​វ៉ាក់សាំង​​ ពី​ព្រោះ​វ៉ាក់សាំង​បច្ចុប្បន្ន​មាន​ប្រសិទ្ធិ​ភាព​តិច​ជាង​​វ៉ារ្យ៉ង់ ​​Delta​​ ដែល​មាន​លទ្ធភាព​ឆ្លង​ខ្ពស់​ និង​លឿន​ជាង​​វ៉ារ្យ៉ង់​ផ្សេង​ៗ​ទៀត​។​

ប្រភព៖

  1. Vaccines ‘outpaced by variants’, WHO warns, as Delta now in 98 countries https://www.theguardian.com/society/2021/jul/03/vaccines-outpaced-by-variants-who-warns-as-delta-now-in-98-countries
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner