នៅប្រទេសថៃ ករណីកូវីដ១៩បន្តកើនឡើង ខណៈពេលដែលកោះភូកេតបើកទទួលភ្ញៀវទេសចរ
មឹង ច័ន្ទសុម៉ានីតា
ប្រទេសថៃ បានបើកទទួលទេសចរណ៍បរទេសសម្រាប់កោះភូកេតឡើងវិញ ដើម្បីទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចហើយ បើទោះបីប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការកើនឡើងអត្រាឆ្លងនិងអត្រាមរណៈដោយសារជំងឺកូវិដ១៩ ដែលបង្កឱ្យមានការបិទខ្ទប់តំបន់រងគ្រោះខ្លាំងបំផុតដូចជារាជធានី បាងកកជាដើម។
ចំនួនករណីនៅទូទាំងប្រទេសបានបន្តកើនឡើងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសកូរ៉ូណាបម្លែង Delta និងអត្រាការចាក់វ៉ាក់សាំងទាបរបស់ប្រទេសថៃ។ កាលពីថ្ងៃសៅរ៍នេះ រដ្ឋាភិបាលថៃរាយការណ៍ថាមានអ្នកឆ្លងថ្មីចំនួន ៦.២៣០ នាក់ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាជិត ១០.០០០ ករណីក្នុងមួយថ្ងៃ កាលពីពាក់កណ្តាលខែឧសភា និងមាន ៤១ នាក់បានបាត់បង់ជីវិត។
បើទោះបីជារលកឆ្លងទីបីកំពុងបន្តកើតមានក៏ដោយ ក៏រដ្ឋាភិបាលមិនបានផ្អាក ផែនការក្នុងការបើកដំណើរការប្រទេសនិងតំបន់ទេសចរណ៍ម្ដងទៀតដល់អ្នកដំណើរទេ។ កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បានប្ដេជ្ញាបើកទ្វារទទួលទេសចរណ៍ថៃឡើងវិញក្នុងរយៈពេល ១២០ ថ្ងៃទៀត ឬនៅពាក់កណ្ដាលខែតុលាខាងមុខ។
ជាជំហានដំបូងកោះភូកេត បានបើកទ្វារវិញសម្រាប់ទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចប្រមាណរាប់រយនាក់កាលពីថ្ងៃព្រហស្បតិ៍នេះ។កាលពីសប្តាហ៍មុន រមណីយដ្ឋានដ៏មានប្រជាប្រិយភាពមួយនេះបានរកឃើញចំនួនអ្នកឆ្លងតិចបំផុតត្រឹមមួយខ្ទង់។
ប្រទេសថៃដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ បានខាតបង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដោយសារការមកដល់របស់ភ្ញៀវបរទេសបានធ្លាក់ចុះ ប្រមាណ៨៣ ភាគរយមកនៅត្រឹម ៦,៧ លាននាក់ ខណៈប្រទេសថៃធ្លាប់ទទួល ៣៩,៩ លាននាក់ក្នុងឆ្នាំ ២០១៩ កន្លងទៅ។

ប្រភព៖
Covid-19 cases climb in Thailand as it opens up less-affected Phuket to tourists