អាជ្ញាធរ​ព្រែក​​ស៊ុយអេសបញ្ជាក់ថា​ ​ដំណោះ​ស្រាយ​ករណី​កប៉ាល់ Ever Given​ ​ ​​​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​

ហួន​ ​ឌីណា

​គែរ៖​ អាជ្ញាធរ​ព្រែក​ជីក​ស៊ុយអេ​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​​ ០៤ ​មិថុនា​ បាន​និយាយ​ថា​ ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដើម្បី​ដោះស្រាយ​ជម្លោះ​ហិរញ្ញវត្ថុ​ជាមួយ​ម្ចាស់​កប៉ាល់​កុងតឺន័រ​ Ever Given​ ដែល​បាន​ឃាំង​ផ្លូវ​ទឹក​ពាណិជ្ជកម្ម​ដ៏​សំខាន់​អស់​រយៈ​ពេល​ជិត​​មួយ​សប្តាហ៍​កាល​ពី​ខែ​មីនា​។​

​យ៉ាង​ណា​មិញ​ អាជ្ញាធរ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ស្តី​ពី​ដំណោះ​ស្រាយ​​ជាមួយ​ក្រុម​ហ៊ុន​ជប៉ុន​ ​Shoei ​Kisen ​Kaisha​ Ltd​ ដែល​ជាម្ចាស់​​កប៉ាល់​នោះ​ទេ​។​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ​អាជ្ញាធរ​ដដែល​បាន​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​​​ចុះ​ហត្ថលេខា​នៅ​ក្នុង​ពិធី​មួយក្នុង​​ក្រុង​ Ismailia ​នា​ថ្ងៃ​ពុធ​ខាង​មុខ​ ​ហើយ​កប៉ាល់​ដែល​ត្រូវ​បាន​រឹប​អូស​នេះ​ ក៏​នឹង​ត្រូវបាន​​អនុញ្ញាត​ឱ្យ​ធ្វើ​នាវា​ចរ​វិញ​នៅ​ថ្ងៃ​ជាមួយ​គ្នា​។​

កប៉ាល់ ​Ever​ Given ​​បាន​ជាប់​គាំង​ក្នុង​ព្រែកជីក​ស៊ុយអេស​កាល​ពី​ថ្ងៃ​ទី​ ២៣ ​មីនា ​ដោយ​សារ​តែ​កត្តា​អាកាស​ធាតុ​ ​និង​កំហុស​បច្ចេកទេស​ ​ហើយ​ត្រូវ​បាន​គាស់​ចេញ​ ៦​ ថ្ងៃ​ក្រោយ​មក​ ដែល​រំខាន​ដល់​ដំណឹក​ជញ្ជូន​ពាណិជ្ជកម្ម​ទូទាំង​ពិភព​លោក​ដែល​ប្រើប្រាស់​ផ្លូវ​ទឹក​មួយ​នេះ​។​

​ប្រធាន​អាជ្ញាធរ​ព្រែក​ជីក​ស៊ុយអេស​ ​លោក​ឧត្តម​សេនីយ៍ទោ ​Osama ​Rabie​ បាន​និយាយ​កាល​ពី​ខែ​មុន​ថា​ ​ភាគី​ទាំង​អស់​បាន​ព្រម​ព្រៀង​លើ​ចំនួន​សំណង​ ប៉ុន្តែ​​នឹង​មិន​​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ ​ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​មិន​​បង្ហាញ​ព័ត៌មាន​រហូត​ដល់​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ចុង​ក្រោយ​។​

ដំបូង​ឡើយ​ អាជ្ញាធរ​ព្រែក​បាន​ទាមទារ​សំណង​ចំនួន ​៩១៦ ​លាន​ដុល្លារ​ ដោយ​គិត​ទៅ​លើ​ការ​ចំណាយ​លើ​ប្រតិបត្តិ​​ជួយ​គាស់​កប៉ាល់​ចេញ​ ការ​ចំណាយ​លើ​ចរាចរណ៍​ព្រែក​ដែល​បាន​ជាប់​គាំង​ និង​ការ​ខាត​បង់​​ក្នុង​កំឡុង​ពេល​ដែល​កប៉ាល់​បាន​ជាប់​។ ​ក៏​ប៉ុន្តែ​ក្រោយ​មក​ ចំនួន​នេះ​ត្រូវ​បាន​ទម្លាក់​មក​នៅ​ត្រឹម​ ៥៥០ ​លាន​ដុល្លារ​វិញ​។​ ​

ប្រភព៖
1. Suez Canal says deal reached to free seized vessel https://news.yahoo.com/suez-canal-says-deal-reached-171312867.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner