ក្រុម​​តាលីបង់ ​កាន់​កាប់​ស្រុក​សំខាន់​ៗ​​នៅ​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​កង​កម្លាំង ​រដ្ឋាភិបាល​ដក​ចេញ​

ហួន​ ឌីណា​

​ក្រុម​មន្រ្តី​អាហ្វហ្គានីស្ថានបាន​​និយាយ​​ថា​​ ​​ពួក​តាលីបង់​បាន​កាន់​កាប់​ស្រុក​នានា​មួយ​ចំនួ​ន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ដោយ​ប្រដេញ​កង​កម្លាំង​រដ្ឋាភិបាល​ចេញ​ ដោយ​ខ្លះ​បាន​រត់​ទៅ​ព្រំដែន​ប្រទេស​ជិត​ខាង​តាហ្ស៊ីគីស្ថាន​​។​

​គណៈ​កម្មាធិការ​សន្តិសុខជា​តិ​តាហ្ស៊ីគីស្ថាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ០៤ ​មិថុនា​ ថា​ បុគ្គលិក​យោធា​អាហ្វហ្គានីស្ថាន​ជាង​ ៣០០ ​នាក់​បាន​ឆ្លង​កាត់​ពី​ខេត្ត​ Badakhshan ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ពេល​ដែល​ពួក​តាលីបង់​ប្រដេញ​ មុន​ពេល​ឆ្លង​ព្រំដែន​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ​

​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​និយាយ​ថា​៖​ ​«​ដោយ​ដឹក​នាំ​តាម​គោលការណ៍​មនុស្ស​ជាតិ​ និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ អាជ្ញាធរ​តាហ្ស៊ីគីស្ថាន​បាន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដក​ថយ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​»​។​ ​

​រាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា​ នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ Joe​ Biden​ បាន​ប្រកាស​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ជា​អ្វី​ដែល​លោក​ហៅ​ថា​ការ​បញ្ចប់​សង្រ្គាម​ជា​រៀង​រហូត​ ពួក​តាលីបង់​បាន​បោះ​ជំហាន​ទៅ​មុខ​ពាស​ពេញ​ប្រទេស​ ហើយ​អស្ថេរភាព​ចេះ​តែ​បន្ត​កើន​ឡើង​។​ ប៉ុន្តែ​តំបន់​សំខាន់​បំផុត​របស់​ក្រុម​នេះ​ គឺ​នៅ​ប៉ែក​​កណ្តាល​នៃ​ភាគ​ខាង​ជើង​របស់​ប្រទេស​ ដែល​ជា​មូលដ្ឋាន​រឹងមាំ​របស់​​សម្ព័ន្ធ​មិត្ត​អាមេរិក​​​តាំង​ពី​ឆ្នាំ​ ២០០១​។​

ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ណាតូ​របស់​ខ្លួន​ បាន​យល់​ព្រម​ដក​កង​ទ័ព​ទាំង​អស់​ជា​ថ្នូរ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​តាលីបង់​មិន​ឲ្យ​ក្រុម​អាល់កៃដា​ ឬ​ក្រុម​ជ្រុល​និយម​ផ្សេង​ទៀត​ ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ខ្លួន​គ្រប់​គ្រង​។​

មក​ទល់​ពេល​នេះ​ ពួក​តាលីបង់​បាន​កាន់​កាប់​ប្រហែល​មួយភា​គ​បី​នៃ​ស្រុក​ទាំង​ ៤២១ ​របស់​អាហ្វហ្គានីស្ថាន​ គឺ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ណាតូ​ចាប់​ផ្ដើម​ដក​ទ័ព​។​

​យ៉ាង​ណា​មិញ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​លោក​ Mohib-ul ​Rahman​ បាន​និយាយ​ថា​ ការ​កើន​ឡើង​នៅ​ភាគ​​ឦសាន​នៃ​ខេត្ត ​Badakhshan ​របស់​​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ ភាគ​ច្រើន​មិន​មាន​ការ​ប្រយុទ្ធ​នោះ​ទេ​។​ ​

​លោក​ Rahman​ បាន​និយាយ​ថា​ ទាហាន ​ប៉ូលីស​ និង​ទាហាន​ស៊ើបការណ៍​អាហ្វហ្គានីស្ថាន​រាប់​រយ​នាក់​ បាន​ប្រគល់​ប៉ុស្តិ៍​យោធា​របស់​ខ្លួន​ ហើយ​រត់ភៀស​ខ្លួន​​ទៅ​កាន់​​ក្រុង​​ Faizabad​​ នៃ​​ខេត្ត​​ Badakhshan​​។​ លោក​​បន្ថែម​​ថា​ ​ទោះ​​បី​​ជា​ ​កិច្ច​ប្រជុំ​​សន្តិសុខ​​មួយ​​កំពុង​ត្រូវ​បាន​គេ​ធ្វើឡើងនាព្រឹក​ថ្ងៃ​អាទិត្យនេះ ដើម្បី​រៀប​ចំ​ផែនការ​ពង្រឹង​បរិវេណ​ជុំ​វិញ​ Faizabad ​ក្ដី ​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ធានី​កាប៊ុល​វិញ​ដែរ​។​

អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​លោក ​Zabihullah ​Mujahid​ បាន​បញ្ជាក់ពី​​សម្ដី​របស់​លោក​ Rahman​ ដែល​ថា​ការ​រឹប​អូស​ស្រុក​នានា​របស់​ក្រុម​ខ្លួន​ ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រយុទ្ធ​គ្នានោះទេ​​។​​

​​ក្រុម​មន្រ្តី​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ក្រុម​តាលីបង់​ក៏​បាន​កាន់​កាប់​ស្រុក​សំខាន់​មួយ​នៅ​ក្នុង​អតីត​មូលដ្ឋាន​របស់​ខ្លួន​នៅ​ខេត្ត​​ Kandahar​ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ពេញ​មួយ​យប់​ជាមួយ​កង​កម្លាំង​រដ្ឋាភិបាលអា​ហ្វហ្គានីស្ថាន​។​

​ការ​រឹប​អូស​​​ស្រុក Panjwai ​ភាគ​ខាង​ត្បូង​នៃ​ខេត្ត ​Kandahar ​របស់​ពួក​សកម្ម​ប្រយុទ្ធ​កើត​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​កង​កម្លាំង​អាមេរិក​និង​ណាតូ​ បាន​ដក​ចេញ​ពី​មូលដ្ឋាន​អាកាស​ Bagram ​ដ៏​សំខាន់​របស់​ខ្លួន​នៅ​ជិត​​រដ្ឋ​ធានី​កាប៊ុល​ ​ពី​កន្លែង​ដែល​ក្រុម​នេះ​បាន​ដឹកនាំ​ប្រតិបត្តិការ​អស់​រយៈពេល​ ២០ ​ឆ្នាំ​ប្រឆាំង​នឹង​ពួក​តាលីបង់​ និង​សម្ព័ន្ធ​មិត្ត​អាល់កៃដា​។​

​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ​កង​កម្លាំង​របស់​តាលីបង់​ និង​​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បា​ន​ប៉ះ​ទង្គិចគ្នា​​ជា​ញឹកញាប់​នៅ​ជុំវិញ​ស្រុក ​Panjwai​ ដោយ​ក្រុម​ប្រដាប់​អាវុធ​មាន​​បំណង​កាន់​កាប់​តំបន់​ដែល​នៅ​ជិត​​ក្រុង​ Kandahar​​ ខេត្ត ​Kandahar​ ដែល​ជា​កន្លែង​កំណើត​របស់​ខ្លួន​។​

​​បើ​តាម​អភិបាល​ស្រុក ​Panjwai ​លោក ​Hasti​ Mohammad​ ពួក​តាលីបង់​បាន​កាន់​កាប់​ទីស្នាក់ការ​ប៉ូលីស​ស្រុក​ និង​អគារ​ការិយាល័យ​អភិបាល​។​

​​ទន្ទឹម​ជាមួយ​គ្នា​នេះ ​ពួក​តាលីបង់​បាន​បង្កើន​យុទ្ធសាស្ត្រ​​កាន់​តែ​ខ្លាំង​ឡើង​ៗ ​លើ​តំបន់​ភាគ​ខាង​ជើង​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ តាម​ព្រំដែន​របស់​ប្រទេស​អាហ្គានីស្ថាន​ជាមួយ​រដ្ឋ​អាស៊ីកណ្តាល​ផ្សេង​ទៀត​។​ កាល​ពី​ខែ​មុន​ ​ក្រុម​នេះ​បាន​កាន់​កាប់​​ក្រុង​​ Imam ​Sahib​ ដែល​ជា​​ក្រុង​មួយ​ក្នុង​ខេត្ត​ Kunduz ​ជាប់​ប្រទេស​អ៊ូសបេគីស្ថាន​ ហើយ​គ្រប់​គ្រង​ផ្លូវ​ពាណិជ្ជកម្ម​សំខាន់​មួយ​។​

​​ប្រភព៖

  1. Taliban seizes key districts in Afghanistan as gov’t forces flee https://www.aljazeera.com/news/2021/7/4/taliban-seizes-key-districts-in-afghanistan-as-govt-forces-flee
  2. Hundreds of Afghan security forces flee as districts fall to Taliban https://www.theguardian.com/world/2021/jul/04/hundreds-of-afghan-security-forces-flee-as-districts-fall-to-taliban
  3. Afghanistan: All foreign troops must leave by deadline – Taliban https://www.bbc.com/news/world-asia-57714808

​​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner