អារ៉ាប៊ីសាអ៊ូឌីត​ច្រាន​ចោល​ការ​ជំទាស់​របស់​អារ៉ាប់រួម​ចំពោះ​កិច្ចព្រមព្រៀង​OPEC+

សុខ វេងឈាង

កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ ​រដ្ឋមន្ត្រី​​ក្រសួង​​ថាមពល​​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​បាន​​ច្រានចោល​​ការ​ជំទាស់​​របស់​​ប្រទេស​​ជិត​ខាង​អេមីរ៉ាតអារ៉ាប់រួម​ (UAE) ចំពោះ​កិច្ចព្រមព្រៀង​ស្នើ​ឡើង​ដោយ​សមាជិក​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​+១០ (OPEC+) ហើយ​អំពាវនាវ​ឱ្យ​មាន​ «ការ​សម្រប​សម្រួល​ និង​ភាព​សម​ហេតុផល» ដើម្បី​សម្រេច​លើ​កិច្ចព្រមព្រៀង​នៅ​ពេល​ដែល​ក្រុម​នេះ​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​ចន្ទ​។

នេះ​គឺ​ជា​ការ​ប៉ះ​ទង្គិច​ដ៏​កម្រ​រវាង​សម្ព័ន្ធ​ទាំង​ពីរ​នេះ​ ខណៈ​ពេល​ដែល​ផល​ប្រយោជន៍​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ខុស​គ្នា​ខ្លាំង​ឡើង​ៗ ហើយ​ឈាន​ដល់​ការ​កំពប់​ទៅ​លើ​ការ​កំណត់​គោលនយោបាយ​នៃ​ OPEC+ នៅ​ចំ​ពេល​មួយ​ដែល​អ្នក​ប្រើប្រាស់​នៅ​ជុំ​វិញ​ពិភពលោក​ត្រូវ​ការ​កំណត់​តម្លៃ​ប្រេង​សមរម្យ​សម្រាប់​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​។

កាល​ពី​ថ្ងៃ​សុក្រ​សមាជិក​ OPEC+ បាន​បោះឆ្នោត​បង្កើន​ផលិតកម្ម​ប្រេង​ឆៅ​ដោយ​ប្រមាណ​ ២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ខែ​សីហា​ដល់​ខែ​ធ្នូ​ឆ្នាំ ២០២១ ហើយ​នឹង​បន្ត​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រចាំ​ថ្ងៃ​ដែល​នៅ​សល់​រហូត​ដល់​ចុង​ឆ្នាំ​ ២០២២ ដើម្បី​ធានា​ស្ថិរភាព​តម្លៃ។ អេមីរ៉ាតអារ៉ាប់រួម​បាន​យល់​ព្រម​ចំពោះ​ការ​បង្កើន​ផលិតកម្ម​ ប៉ុន្តែ​ជំទាស់​នឹង​ការ​បន្ត​ការ​កាត់​បន្ថយ​ផលិតកម្ម​ ធ្វើ​ឱ្យ​ការ​ចរចា​ថ្ងៃ​សុក្រ​បរាជ័យ​ក្នុង​ការ​សម្រេច​លើ​កិច្ចព្រមព្រៀង​ណា​មួយ​។

រដ្ឋមន្ត្រី​ថាមពល​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ Abdulaziz bin Salman បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ Al Arabiya ថា​៖ «ការ​បន្ត​គឺ​ជា​មូលដ្ឋាន ហើយ​មិនមែន​ជា​បញ្ហា​បន្ទាប់​បន្សំ​ទេ​»។ លោក​បាន​បន្ត​ទៀត​ថា​៖ «អ្នក​ត្រូវ​ថ្លឹង​ថ្លែង​រវាង​ការ​ដោះស្រាយ​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​ និង​ការ​រក្សា​សមត្ថភាព​សម្រាប់​ប្រតិកម្ម​ចំពោះ​ការ​អភិវឌ្ឍ​ខាង​មុខ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​បង្កើន​ផលិតកម្ម​នោះ​ត្រូវ​តែ​មាន​ការ​បន្ត​ការ​កំណត់​»​។

OPEC+ បាន​ប្រឈម​នឹង​សម្ពាធ​យ៉ាង​ខ្លាំង​ និង​ជម្រើស​ផ្ទុយ​គ្នា​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​បាន​បំផ្លាញ​តម្រូវ​ការ​។ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ពួកគេ​បាន​ព្រមព្រៀង​គ្នា​កាត់​បន្ថយ​ផលិតកម្ម​អស់​ជិត ១០ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ខែ​ឧសភា​ឆ្នាំ ២០២០ ដោយ​គ្រោង​នឹង​បង្កើន​ផលិតកម្ម​វិញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ ២០២២​។

បើ​សិន​បង្កើន​ផលិតកម្ម​ឥឡូវ​នេះ​ ខណៈ​ពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​មាន​សំទុះ​ដែល​ជំរុញ​ក្ដី​សង្ឃឹម​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច ពួកគេ​អាច​បង្កើន​ចំណូល​របស់​ពួកគេ ប៉ុន្តែ​ការ​ផលិត​ប្រេង​ច្រើន​ពេក​ ខណៈ​ពេល​ដែល​តម្រូវ​ការ​មិន​ទាន់​កើន អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ដែល​ទើប​តែ​ងើប​ឡើង​ ធ្លាក់​ចុះ​វិញ​។ ផ្ទុយ​ទៅ​វិញ​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​ឆៅ​អាច​បង្ក​អតិផរណា​នៅ​ជុំវិញ​ពិភពលោក​ ធ្វើ​ឱ្យ​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​មាន​ការ​លំបាក​ខ្លាំង​។

Source: https://www.reuters.com/business/energy/saudi-energy-minister-pushes-back-uae-request-over-baseline-oil-output-says-2021-07-04/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner