រដ្ឋបាលរាជធានីភ្នំពេញ ពិចារណាការព្យាបាលកូវីដ១៩តាមផ្ទះ (Video Inside)
រដ្ឋបាលរាជធានីបានពិចារណាការដាក់ព្យាបាលអ្នកជម្ងឺខ្លះនៅតាមផ្ទះ ទន្ទឹមនឹងតួលេខឆ្លងកូវីដ១៩នៅតែមាន សភាពកើនឡើងមិនទាន់ស្រកចុះ។ តួលេខឆ្លងរយៈពេល៥ថ្ងៃនៃដើមខែកក្កដានេះ ត្រូវគេកត់សម្គាល់ ថាជាតួ លេខកើនខ្ពស់ក្នុងខ្ទង់ជាង៩០០រយៈពេល៤ថ្ងៃជាប់គ្នា និង៨៩៦ករណីនៅថ្ងៃទី៥កក្កដានេះ ដែលនាំឲ្យ រយៈពេល៥ថ្ងៃជាប់គ្នាមកនេះ តួលេខឆ្លងមានចំនួន៤ពាន់៧៩៧នាក់, ចំណែកការព្យាបាលរយៈពេល៥ថ្ងៃដូចគ្នា នោះវិញមានចំនួន៣ពាន់២៤៣នាក់ ដែលមិនសមមាត្រនឹងចំនួនមនុស្សដឹកជញ្ជួនចូលពេទ្យនោះឡើយ។
ក្នុងកិច្ចប្រជុំថ្ងៃទី៥កក្កដានេះ រវាងរដ្ឋបាលរាជធានីក្រោមវត្តមានលោកអភិបាលរង កើត ឆែ និងពីក្រសួងសុខាភិបាល លោកអនុរដ្ឋលេខាធិការង៉ូវកាង បានពិនិត្យជុំវិញលទ្ធភាពដាក់ព្យាបាលអ្នកឆ្លងខ្លះនៅតាមផ្ទះ ខណៈក៏មាន អ្នកជម្ងឺជាច្រើន ក៏ស្នើអោយមានការព្យាបាលនៅតាមផ្ទះផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោក ង៉ូវ កាង បានថ្លែងបញ្ជាក់ទទួលស្គាល់ថា ក្នុងរយៈពេល២សប្តាហ៏ចុង ក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ ប៉ុន្តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជម្ងឺ។ កិច្ចប្រ ជុំគ្រោងនឹងចំការព្យាបាលនៅតាមផ្ទះ ប៉ុន្តែនៅជាមួយគ្នានោះនឹងត្រូវរៀបចំកិច្ចការជាច្រើនជួយសម្របសម្រួល ថែមទៀតក្នុងនោះរួមមានការបង្កើតទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌៗ ដើម្បីប្រចាំបញ្ជាអន្តរាគមន៏ ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយ ពាក់ពន្ធនឹងករណីជំងឺកូវីដ-១៩។
ការពិភាក្សានេះ នៅមិនទាន់មានការ សម្រេចជាក់លាក់អនុវត្តធ្វើកិច្ចការនេះបានភ្លាមៗឡើយដោយត្រូវរង់ចាំការរៀបចំកិច្ចការសម្របសម្រួលឲ្យបាន រៀបរយនិងការធ្វើសន្និសីទសារព័ត៌មានមួយប្រកាសជាសាធារណៈនូវការអនុវត្តវិធានការដើម្បីផ្សព្វផ្សាយជួន ពលដ្ឋបានដឹងជាទូទៅថែមទៀត។