TYDA ទទួលឧបករណ៍ធ្វើតេស្តថ្មី ពីក្រុមហ៊ុនសិង្ហបុរី (Video Inside)
ឧបករណ៍ធ្វើតេស្តរហ័សប្រភេទថ្មីដែលមិនចាំបាច់ប្រើប្រាស់ការត្បាល់ច្រមុះយកសំណាក ត្រូវបានប្រគល់ជួន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ។ ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩មួយគ្រឿងដែលអាចធ្វើ តេស្តបានចំនួន១០ម៉ឺនតេស្តម្តងមុននឹងការត្រួតពិនិត្យគុណភាពឡើងវិញនោះ ត្រូវបានក្រុមហ៊ុនពីប្រទេសសឹង្ហបុរី ឈ្មោះ Rectitude Safety Equipment Co.,Ltd. បានប្រគល់ជួននៅថ្ងៃនេះ។
សេចក្តីរាយការណ៍បញ្ជាក់ថាឧបករណ៍ធ្វើតេស្តថ្មីនេះ ជាឧបករណ៍បច្ចេកវិទ្យាទំនើបមួយដែលប្រទេសសឹង្ហបុរីនិងប្រទេសជាច្រើនលើសកល លោកបាននិងកំពុងប្រើប្រាស់ដោយការធានាសុក្រិតភាពបាន98%, លទ្ធផលទទួលបានរហ័សត្រឹមតែ ២ ឬ៣ នាទី, ចំណែកការធ្វើតេស្តដោយគ្រាន់តែការផ្លុំយកខ្យល់ដង្ហើម, មានភាពងាយស្រួលនិងមិនមានការរំខាន ឬ ឈឺចាប់ និងមិនចាំបាច់ត្បាល់ច្រមុះយកសំណាកឡើយ។
ឧបករណ៍ម៉ាស៊ីនតេស្តនេះមានតម្លៃដើមប្រហែលមួយម៉ឺនដុល្លារ និងស្បោងសម្រាប់ផ្លុំយកខ្យល់ដង្ហើមមួយតម្លៃ ១ដុល្លារ ប្រើសម្រាប់មនុស្សម្នាក់ ហើយម៉ាស៊ីននេះមួយគ្រឿងអាចធ្វើតេស្តបានចំនួន ១០ម៉ឺនតេស្តទើបតម្រូវឲ្យ មានការត្រួតពិនិត្យគុណភាពឡើងវិញ។