កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើនក្នុងសប្ដាហ៍នេះ

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងធនធានទឹក នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅម៉ោង ១យប់ថ្ងៃទី៦ កក្កដា ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយអូសបន្លាយពីភាគខាងជើងប្រទេសថៃ ភ្ជាប់ជាមួយសម្ពាធទាប សកម្មមួយនៅលើសមុទ្រចិនខាងត្បូង។ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ កក្កដាឆ្នាំ២០២១ ប្រពន្ធ័សម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសាន កម្ពុជា។ ទន្ទឹមនឹងនោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ។

ដោយឡែក សម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនឹងវិវត្តទៅជាវិសម្ពាធទាប រយៈពេលខ្លី មុននឹងថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើង ប្រទេសវៀតណាម នៅថ្ងៃទី៨កក្កដា។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពនោះ នឹងធ្វើឲ្យបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន លាយឡំនិងផ្គររន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ ក៏អាចមានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅក្នុងភូមិសាស្ត្រជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានភ្លៀងធ្លាក់ខ្លាំង។

ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅខ្លាំង។ រីឯតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង។ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ជាមួយគ្នានោះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះអ្នកនេសាទ និងអ្នកដំណើរតាមសមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះ ភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០កក្កដាឆ្នាំ២០២១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner