បារាំងព្រមានពីរលកឆ្លងជំងឺកូវីដ-១៩ជាលើកទី៤នៅដំណាច់ខែកក្កដានេះ
បារាំង៖ ប្រទេសបារាំងអាចនឹងជួបប្រទះនូវរលកឆ្លងជំងឺកូវីដ១៩ជាលើកទី៤ នៅដំណាច់ខែកក្កដាខាងមុខនេះ ពីព្រោះការរីករាលដាលនៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានប្រាប់វិទ្យុបារាំងអន្តរជាតិថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩កំពុងឈានដល់ដំណាក់កាលថ្មី ហើយថា បច្ចុប្បន្នវីរុសបម្លែងថ្មី Delta បានរ៉ាប់រងរហូតដល់៣០ភាគរយសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងប្រទេសបារាំង ។
លោកបន្ថែមថា នៅដំណាច់ខែនេះរលកឆ្លងទី៤អាចនឹងកើតមានឡើង ប្រសិនបើសន្ទុះបែបនេះបន្តទៅមុខ ខណៈដែលការអះអាងបែបនេះធ្វើឡើងដោយផ្អែកលើការព្រមានរបស់រដ្ឋមន្រ្តីសុខាភិបាលបារាំងលោក Oliver Veran កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុននេះ ។ ដោយឡែកមន្រ្តីបារាំងបានទទួលស្គាល់ថា មិនមានប្រជាជនគ្រប់គ្រាន់ដែលទៅទទួលការចាក់វ៉ាក់សាំងបង្ការ បើទោះបីជាមានការផ្គត់ផ្គត់គ្រប់គ្រាន់ក៏ដោយ ដែលប្រការនេះ អាចនឹងនាំអោយមានការកើនឡើងករណីឆ្លង ៕ ប្រភព៖ CNA

