ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង​ ៦ចំណុច របស់សម្ដេចតេជោឱ្យបានម៉ឺងម៉ាត់បំផុត

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយបានពិនិត្យ ពិភាក្សា និងការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងសេចក្ដីព្រាងគោលនយោបាយស្ដីពីតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការវាយតម្លៃ ផែនការយុទ្ធសាស្រ្ត ,សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការសេវាមន្ទីរពិសោធន៍។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធនិងសមត្ថកិច្ចយកចិត្តទុកដាក់ពិសេស គឺការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ។
ឯ ឧ បន្តថា ៖ការធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ជាកិច្ចការងារមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៦ ចំណុចរបស់សម្ដេចតេជោ ដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តឱ្យទទួលបានជោគជ័យ។ ក្រោយកិច្ចប្រជុំពិភាក្សានិងអនុម័តហើយ យើងនឹងធ្វើរបាយការណ៍ជូនសម្រេចតេជោហ៊ុនសែនផងដែរ។

ក្នុងនោះដែរ ឯ ឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមកពីខាងក្រៅ ប្រទេស ពោលគឺ ឱ្យពួកគាត់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កនិងបន្តអោយធ្វើចត្តាឡីស័កចំនួន៧ថ្ងៃទៀតនៅផ្ទះ ដើម្បីអោយគ្រប់ចំនួន២១ថ្ងៃ។

បន្ថែមពីលើនេះទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជុំវិញពីទីតាំងដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺ-១៩ ដែលមានដូចជា ការជួបជុំផឹកស៊ីដែលមានមនុស្សច្រើន ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដែលត្រូវតែមានវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner