ចិនបញ្ជូនផ្កាយរណបឧតុនិយមថ្មី Fengyun-3E ចូលទៅក្នុងគន្លងអវកាស (មានវីដេអូ)

ចិន៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបឧតុនិយមថ្មីមួយ មានឈ្មោះថា ហ្វឹងយន់-ស៊្រីអ៊ី Fengyun-3E (FY-3E) ចូលទៅក្នុងគន្លង ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយព្យប្រទេសចិន នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ។

រដ្ឋបាលអវកាសជាតិចិនបានអោយដឹងថា ផ្កាយរណបឧតុនិយមថ្មីខាងលើនេះ ត្រូវបានបាញ់បង្ហោះដោយរ៉ុក្តែត ឡុង ម៉ាច-ហ្វ័រស៊ី (Long March-4C) នៅម៉ោង៧៖២៨នាទី (ម៉ោងក្នុងតំបន់) ដែលនេះជាបេសកកម្មបាញ់បង្ហោះលើកទី៣៧៧ នៃសេរីរ៉ុក្តែត​ ឡុង ម៉ាច ។ ផ្កាយរណបឧតុនិយមថ្មីនេះត្រូវបានរចនាឡើងដោយមានអាយុកាល០៨ឆ្នាំ ហើយភាគច្រើននឹងទទួលបានព័ត៌មានអំពីសីតុណ្ហភាព បរិយាកាស សំណើម និងបរ៉ាម៉ែត្រឧតុនិយមផ្សេងៗសម្រាប់ការអនុវត្តការព្យាករណ៍ ដើម្បីកែលម្អភាពត្រឹមត្រូវនៃការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិន ។

ផ្កាយរណបឧតុនិយមថ្មីនេះដែរ ក៏នឹងគ្រប់ដណ្តប់លើទឹកកក ព្រិល សីតុណ្ហភាពពិភពលោកលើផ្ទៃទឹកសមុទ្រ គ្រោះធម្មជាតិ អេកូឡូស៊ី និងបរិស្ថានវិទ្យាជាដើម ដើម្បីឆ្លើយតបអោយបានល្អប្រសើរ ចំពោះការប្រែប្រួលអាកាសធាតុ ការការពារ​ និងការកាត់បន្ថយគ្រោះមហន្តរាយ ។ បំពាក់ដោយឧបករណ៍ចាប់សញ្ញាពីចម្ងាយចំនួន១១គ្រឿង ផ្កាយរណប FY-3E នឹងក្លាយជាផ្កាយរណបឧតុនិយមដំបូងបង្អស់របស់ពិភពលោក សម្រាប់បម្រើសេវាកម្មស៊ីវិល ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner