ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទ មានតម្លៃថ្លៃប្រមាណ១០០ដុល្លារក្នុង១គីឡូក្រាម (មានវីដេអូ)
Video: https://fb.watch/v/2b3xOEIZs/
បរទេស ៖ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ (Culatello di Zibello) គឺត្រូវបានគេចាត់ទុកថាសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងស្រុកនៃប្រទេសអីតាលី ប្រមាណ៤០ដុល្លារក្នុងមួយផោន ឬស្មើនឹងប្រមាណ០,៤៥៣គីឡូក្រាម រហូតត្រូវបានគេចាត់ទុកថា ជាសាច់ហេមអ៊ីតាលីដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ ។
សាច់ហេម ជាធម្មតាគឺជាប្រភេទសាច់ដែលផលិតចេញពីភ្លៅជើងខាងក្រោយនៃសត្វជ្រូក ហើយវាត្រូវយកទៅប្រឡាក់ និងរក្សាទុកជាមួយនឹងសីតុណ្ហភាពធម្មតាមួយក្នុងរយៈពេលដ៏យូរមុននឹងអាចយកវាទៅដាក់ក្នុងទូរកករហូតអាចលក់បាន។ ប៉ុន្តែសម្រាប់សាច់ហេមរបស់អ៊ីតាលីមួយប្រភេទនេះវិញ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ វាមានភាពខុសប្លែកពីគេ ទាំងពេលវេលានៃការរក្សាទុក និងលក្ខខណ្ឌពិសេសមួយចំនួនផង ទើបធ្វើឲ្យវាក្លាយទៅជាស្តេចសាច់ហេមរបស់អ៊ីតាលី និងមានតម្លៃថ្លៃជាងគេ ។
ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ ជាហេមដែលមានរសជាតិឆ្ងាញ់ ផ្អែម ហើយថែមទាំងមានក្លិនឈ្ងុយខ្លាំង ប៉ុន្តែផ្អែកតាមការបញ្ជាក់របស់លោក ម៉ាស៊ីម៉ូ ប៉េហ្សានី (MassimoPezzani) ម្ចាស់រោងចក្រ អាទីកា អាឌេនហ្គា (Antica Ardenga) ដែលជាអ្នកផលិតសាច់ហេមនេះបាននិយាយថា បច្ចេកទេសនៃការផលិតសាច់ហេមរបស់ពួកគាត់ហាក់មិនមានអ្វីដែលជាបច្ចេកទេសអស្ចារ្យ ដែលជួយបង្កើនរសជាតិនោះទេ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់វាគឺកត្តាធម្មជាតិ និងអាកាសធាតុនៅក្នុងតំបន់នេះតែប៉ុណ្ណោះ ។
លោកបន្តថា ជ្រូកនីមួយរបស់លោកដែលបានចិញ្ចឹម និងត្រូវបានជ្រើសរើសគឺមានទម្ងន់ធ្ងន់ខ្លាំងណាស់ ដោយសារតែអាកាសធាតុអំណោយ ហើយមានតែជ្រូកដែលមានទំងន់ ២២០ ទៅ ២៣០ គីឡូប៉ុណ្ណោះ ដែលអាចយកមកផលិតបាន ហើយក្នុងតំណាក់កាលប្រឡាក់ទុកទៀតសោត ក៏មិនបានប្រើប្រាស់សារជាតិគិមីអ្វីទាំងអស់នោះដែរ ។ វិធីសាស្ត្ររុំសាច់ដែលប្រឡាក់កាន់តែមានភាពប្រាកដប្រជាខ្លាំងមែនទែន ពីព្រោះវាទាមទារនូវវត្ថុធាតុដើមពីធម្មជាតិសុទ្ធសាធ និងចំណាយពេលយូរដោយក្នុងនោះ ៥ដុំសាច់ហេម ដែលគេបានរុំនោះនឹងត្រូវចំណាយពេលដល់ទៅ១ម៉ោង ហើយនឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងសម្ងួតអស់រយៈពេល ១៨ខែ ទៅ ៣៦ខែមុន នឹងយកវាចេញទៅលក់បាន ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះសិប្បកម្ម អាទីកា អាឌេនហ្គា អាចផលិតសាច់ហេមប្រភេទនេះដល់ទៅ៤ពាន់ ឬ ៥ពាន់ដុំក្នុងមួយឆ្នាំ ដោយមួយដុំអាចលក់ចេញបានក្នុងតម្លៃប្រមាណ៣៣៦ដុល្លារ ឬមានតម្លៃសរុបប្រចាំឆ្នាំអាចមានចន្លោះពី ១លាន ៣៤ម៉ឺន៤ពាន់ដុល្លារទៅ១លាន៦៨ម៉ឺនដុល្លារ ខណៈដែលទីផ្សារផ្គត់ផ្គង់សំខាន់គឺនៅក្នុងស្រុកប្រមាណ៧០ភាគរយ ហើយមានតែ៣០ភាគរយប៉ុណ្ណោះដែលត្រូវបាននាំចេញទៅកាន់ទីផ្សារបែបអឺរ៉ុប ។ ដូចនេះប្រភេទសាច់ហេមបែបនេះមិនងាយរកបាននៅលើទីផ្សារនោះឡើយ ៕ ប្រភព៖ Bussiness Insider