ចំណាប់អារម្មណ៍ថ្នាក់ដឹកនាំកម្ពុជា ក្នុងឱកាសខួប១៣ឆ្នាំ និង៤ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញៈថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

ក្នុងព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត និងជាសមិទ្ធផលមហាសាល ដែលបានមកពីការខិតំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នោះនៅលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមនានានៅ ព្រឹកនេះបានបង្ហាញពីការអបអរ និង​ការកត់សម្គាល់នានាចំពោះព្រឹត្តិការណ៍ដ៏កម្រនេះ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹក ថ្ងៃទី៧ ខែកក្កដានេះ បានសរសេរថា ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ រហូតត្រូវបានយូណេស្កូ( UNESCO )ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងកេបិក ប្រទេសកាណាដា សម្រាប់ប្រសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សម្តេចបន្តថា យើងជាកូនចៅបានចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានកាត់ក្តីឱ្យកម្ពុជាយើងឈ្នះប្រទេសថៃក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់យើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែលបានសាងសង់ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទបុរាណដទៃទៀតជាច្រើន នៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឱ្យអន្តរជាតិស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត។ ក្នុងបុព្វហេតុលើកតម្កើងនូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជា ការការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស ដូចសព្វថ្ងៃនេះបាន គឺយើងមិនអាចខ្វះបានឡើយនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។ សូមជនរួមជាតិទាំងអស់រួមគ្នាបន្តថែរក្សា ការពារ និងអភិរក្ស អភិវឌ្ឍន៍ រាល់សម្បត្តិបេតិកភណ្ឌរបស់យើង ទាំងរូបី និងអរូបីឱ្យបានគង់វង្សជារៀងរហូតតទៅ។

រីឯទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា វិញជាមួយនឹងខ្សែវិដេអូឯកសារ សម្តេចតេជោបានសរសេរថា អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក។ ថ្ងៃនេះគឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១)។ សម្តេចតេជោបន្តថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ សូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។ កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗ ! ។

តាមពិតទៅសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារស្រដៀងគ្នានេះមួយរួចមកហើយតាំងពីថ្ងៃទី៦ខែកក្កដា។ សារនេះម្តេចតេជោ បានសរសេរថាថ្ងៃស្អែកទី៧កក្កដានេះ គឺជាខួប១៣ឆ្នាំហើយនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨នៅទីក្រុងកេបិក ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ សូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។

នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថា កាលពី១៤ឆ្នាំមុន ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ​យូណេស្កូបានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ៩ឆ្នាំក្រោយ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោយនេះមួយថ្ងៃ តំបន់ប្រាសាទព្រៃគុក ត្រូវបានស្ថាប័នដដែលសម្រេចដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយតំបន់ឧទ្យានអង្គរ និងប្រាសាទព្រះវិហារ។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានសម្បត្តិវប្បធម៌ច្រើនអនេក ទាំងរូបី និងអរូបី។ បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជាកំពុងបោះជំហានឆ្ពោះទៅមុខក្នុងការលើកកម្ពស់មុខមាត់កិត្យានុភាពនៃមរតកវប្បធម៌ដូនតាដ៏ល្អឯកទៅកាន់ពិភពលោក។

ឯកឧត្តម បន្តថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ក្រៅពីក្តីមោទនៈដែលបានកើតជាជាតិសាសន៍ដែលមានខឿនអរិយធម៌ដ៏ចំណាស់ និងល្អវិចិត្រ យើងក៏ត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ដែលជាអត្តសញ្ញាណដ៏មានតម្លៃក្នុងនាមអ្នកបន្តវេននៃអាណាចក្រអង្គរផងដែរ។ ការសិក្សា ស្វែងយល់ពីសម្បត្តិវប្បធម៌ទាំងឡាយដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ មិនមែនតែសម្រាប់រាជរដ្ឋាភិបាល អ្នកជំនាញវប្បធម៌ ឬសិល្បករ សិល្បការិនីតែប៉ុណ្ណោះទេ។ ការការពារ និងឱ្យតម្លៃលើវប្បធម៌ អរិយធម៌ផ្តើមចេញពីការស្គាល់ច្បាស់ពីខ្លួនឯង និងអ្នកដទៃ។ ការស្គាល់ខ្លួនឯងជានរណា ពិតជាមានសារៈសំខាន់ ដើម្បីយើងអាចអភិរក្ស និងអភិវឌ្ឍនូវអ្វីដែលជាភាពជាខ្មែរ។ ជាមួយគ្នានេះ យើងក៏ត្រូវរក្សានូវគុណធម៌ បើកចិត្តទូលាយក្នុងការរៀនរស់នៅក្នុងសហគមន៍វប្បធម៌ចម្រុះ​ ដោយមិនត្រូវប្រកាន់ជំហរមិនសមហេតុផល ឬហិង្សានិយមដើម្បីបង្ករជាការរើសអើង និងជម្លោះជាតិសាសន៍នោះឡើយ។

សំណេរលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមញ្ចប់ដោយឃ្លាថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងនៅលើពិភពលោក ចូលរួមចំណែកថែរក្សា ការពារសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ និងរក្សាគុណតម្លៃខ្ពស់នៃមរតកទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវ និងទស្សនៈវិជ្ជមាន បើកទូលាយ”៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner