អូស្រ្តាលីគ្រោងចាក់វ៉ាក់សាំង Pfizer ឬ Moderna ដល់មនុស្សវ័យក្មេងនៅចន្លោះខែកញ្ញា និងខែតុលាខាងមុខនេះ
អូស្តា្រលី៖ ប្រធានកងកម្លាំងទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាលសហព័ន្ធរបស់អូស្រ្តាលីបានបញ្ជាក់ថា ពលរដ្ឋអូស្រ្តាលីដែលមានអាយុក្រោម៤០ឆ្នាំ នឹងអាចទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer ឬក៏ Moderna បាននៅចន្លោះខែកញ្ញា និងខែតុលាខាងមុខនេះ ។
លោក John Frewen ដែលជាប្រធានកងកម្លាំងទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាលសហព័ន្ធរបស់អូស្រ្តាលី នៅថ្ងៃអង្គារសប្តាហ៍នេះ បានជួបជាមួយអាជ្ញាធរសុខាភិបាលសហព័ន្ធ និងរដ្ឋ ដើម្បីពិភាក្សាគ្នាលើកម្មវិធីចាក់វ៉ាក់សាំង ដែលដំណាក់កាលដំបូងត្រូវបានញាំញីដោយបញ្ហាការផ្គត់ផ្គង់ ។
បើតាមលោក John Frewen រដ្ឋាភិបាលអូស្រ្តាលីរំពឹងថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់របស់ក្រុមហ៊ុន Pfizer និង Moderna ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដើម្បីចាក់ដល់ប្រជាពលរដ្ឋដែលមានអាយុក្រោម៤០ឆ្នាំ គិតចាប់ពីខែកញ្ញា ដល់ខែតុលាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ


