ប្រេសិតពិសេសចិន និងសហរដ្ឋអាមេរិកពិភាក្សាគ្នាលើបញ្ហាកូរ៉េខាងជើង
ចិន៖ រដ្ឋាភិបាលចិនបានបញ្ជាក់ថា អ្នកតំណាងពិសេសរបស់ប្រទេសខ្លួន ទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ លោក Lui Xiaoming បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទជាមួយបេសកជនពិសេសអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Sung Kim នៅថ្ងៃអង្គារសប្តាហ៍នេះ ។
ក្រសួងការបរទេសចិនបានលើកឡើងថា លោក Lui បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃគោលការណ៍ដែលបានតំឡើង និងធ្វើសមកាលកម្ម ក្នុងការជំរុញការដោះស្រាយនយោបាយនៅលើតំបន់ឧបទ្វីប ។ សម្រាប់ព័ត៌មានលំអិតនៃកិច្ចពិភាក្សារបស់ពួកលោកត្រូវបានបញ្ចេញនោះទេ ប៉ុន្តែលោក Lui ត្រូវបានគេជឿជាក់ថា បានអះអាងជាថ្មីនូវគោលជំហររបស់ចិនដែលថា សហរដ្ឋអាមេរិកគួរតែបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ស្របតាមការរីកចម្រើននៃការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។
ជាការឆ្លើយតប លោក Sung Kim បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកសង្ឃឹមថា កិច្ចចរចា និងការទំទាក់ទំទងជាមួយកូរ៉េខាងជើងនឹងត្រូវបានស្តារឡើងវិញនាពេលឆាប់ៗខាងមុខនេះ ។ ទោះជាយ៉ាងណា ទីក្រុងព្យុងយ៉ាងបាននិងកំពុងអំពាវនាវអោយសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន ជាថ្នូរនឹងការបន្តកិច្ចចរចាទ្វេភាគីឡើងវិញ ៕ ប្រភព៖ NHK

