កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ។ កិច្ចប្រជុំមានការចូលរួមពីអាជ្ញធរខេត្តកំពង់ឆ្នាំង និងអាជ្ញាធរខេត្តពោធិ៍សាត់ ជាច្រើនរូប ។

លោក អម សុភា និង លោក អ៊ឹង គឹមលៀង មានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង និង ខេត្ត
ពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យគឺបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់និង ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ បានចុះតាមដានជាប្រចាំនូវការចេញចូល របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រៅពីនេះក៏បានចុះអប់រំផ្សព្វផ្សាយអំពីវិធាននាការនានារបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់លាងសំអាតដៃនិងសាប៊ូ ឬ អាកុល ពាក់ម៉ាស់ គម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេ ។

លោក អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អភិបាលរងខេត្តពោធិ៍សាត់បានជម្រុញដល់អាជ្ញាធរដែនដីត្រូវបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ធ្វើចត្តាឡីស័កត្រូវអត់ធ្មត់ និងគោរពតាមការណែនាំក្រសួងសុខាភិបាល ដោយស្នាក់នៅឲ្យបានគ្រប់កាលកំណត់រយៈពេល ១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព ព្រោះការធ្វើចត្តាឡីស័កបានត្រឹមត្រូវនឹងជួយឲ្យយើងមានសុវត្ថិភាពល្អ ចៀសផុតពីការចម្លងជំងឺកូវីដពីខ្លួនយើង ទៅក្រុមគ្រួសារ និង សហគមន៍ដែលខ្លួនរស់នៅ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner