នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៨៧ មានតម្លៃជិត៣ពាន់លានដុល្លារ (មានវីដេអូ)
ភ្នំពេញ៖ របាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ CDC តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនធ្វើការ វិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត៣ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៥០.០២៩កន្លែង ។
បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគមានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ក្នុងទុនវិនិយោគចំនួនប្រមាណ ១.៣ប៊ីលានដុល្លារអាមេរិក, គម្រោងរោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited ក្នុងទុនវិនិយោគចំនួនប្រមាណ ៥០៤លានដុល្លារអាមេរិក និងគម្រោងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart Tire Co., Ltd. ក្នុងទុនវិនិយោគចំនួន ៣៥០លានដុល្លារអាមេរិក ។ ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ ៦៩%នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១%នៃការវិនិយោគសរុប ។
ឯកឧត្តម សុខ ចន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ ថា ថ្វីត្បិតចំនួនគម្រោងវិនិយោគដែល CDC បានអនុម័តក្នុងឆមាសទី១ ឆ្នាំ២០២១ មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ពោលគឺថយចុះចំនួន ៦៣គម្រោង ទុនវិនិយោគក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ មានការកើនឡើងប្រមាណ ១២% ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ។ ឯកឧត្តម បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់ស្រស្រាំ ដើម្បីជំរុញ និងទាក់ទាញអ្នកវិនិយោគបន្ថែម។ ជាក់ស្តែង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងក្លាយជាកត្តាទាក់ទាញការវិនិយោគដ៏សំខាន់មកកម្ពុជា ៕