អង្គការសុខភាពពិភពលោក (WHO) ផ្តល់អនុសាសន៍អោយប្រើថ្នាំចំនួន០៣ប្រភេទ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ (មានវីដេអូ)
ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានធ្វើការណែនាំអោយប្រើប្រាស់ថ្នាំ អេកធិមរ៉ា (Actemra) របស់ក្រុមហ៊ុនឱសថ រ៉ូចឆ៍ (Roche) និងថ្នាំ ខេវហ្សារ៉ា (Kevzara) របស់ក្រុមហ៊ុន សាណូហ្វី (Sanofi) រួមជាមួយថ្នាំប្រភេទ ខ័រទីខូស្ទែរ៉យដ៍ (corticosteroids) សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្រោយទិន្នន័យយកមកពីអ្នកជំងឺប្រហែល១ម៉ឺន១ពាន់នាក់បង្ហាញថា ថ្នាំទាំងនេះ អាចកាត់បន្ថយហានិភ័យដល់ស្លាប់បាន ។
ការណែនាំរបស់អង្គការ WHO ខាងលើនេះ ធ្វើឡើងដោយផ្អែកលើការសិក្សាលើអ្នកជំងឺកូវីដ១៩ចំនួន១ម៉ឺន៩៣០នាក់ ក្រោមកិច្ចសហការជាមួយមហាវិទ្យាល័យ ឃីង ខូលីច ទីក្រុងឡុងដ៍ (King’s College London) សាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងមូលនិធិ ហ្គាយ ថូម៉ាស់ NHS (Guy’s and St Thomas’ NHS Foundation Trust) នៅអង់គ្លេស ។
យោងតាមការវិភាគរបស់អង្គការសុខភាពពិភពលោក (WHO) ការប្រើប្រាស់ថ្នាំ អេកធិមរ៉ា (Actemra) ឬថ្នាំ ខេវហ្សារ៉ា (Kevzara) រួមជាមួយប្រភេទ ខ័រទីខូស្ទែរ៉យដ៍ (corticosteroids) ដូចជាថ្នាំ ដិចហ្សាមេថាសុន (dexamethasone) គឺអាចជួយកាត់បន្ថយហានិភ័យស្លាប់មកនៅត្រឹម២១ភាគរយ បើធៀបទៅនឹង២៥ភាគរយ នៃអ្នកជំងឺដែលទទួលការព្យាបាលតាមស្ដង់ដារទូទៅ ៕ ប្រភព៖ CNA



