លោក ស៊ី ជីនពីង៖ចិននឹងបង្ហាញផ្លូវថ្មីមួយសម្រាប់អនាគតដ៏ទំនើបដល់ពិភពលោក
នៅថ្ងៃអង្គារ ទី៦ កក្កដានេះ ប្រធានាធិបតីចិនលោកស៊ី ជីនពីង ប្រាប់នៅក្នុងកិច្ចប្រជុំកំពូលនយោបាយអន្តរជាតិ ថាការធ្វើទំនើបកម្មរបស់ចិនដល់សព្វថ្ងៃបានបង្ហាញប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួនជាជម្រើសមួយដែលអាចជំនួសប្រព័ន្ធរបស់លោកខាងលិច ហើយទីក្រុងប៉េកាំងពេញចិត្តចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយបណ្ដាប្រទេសដទៃទៀត។

លោក ស៊ីថ្លែងក្នុងកិច្ចប្រជុំកំពូលនៃគណបក្សនយោបាយពិភពលោក តាមរយៈទំនាក់ទំនងវីដេអូពីទីក្រុងប៉េកាំងថា៖ «ប្រវត្តិសាស្ត្រនិងការអនុវត្ត បានបង្ហាញឱ្យឃើញ ហើយនឹងបន្តបង្ហាញបន្ថែមទៀត ថាមាគ៌ានេះ [ដែលអនុវត្តដោយប្រទេសចិន] គឺជាផ្លូវត្រឹមត្រូវ …ហើយយើងនឹងបន្តដំណើរទៅមុខទៀតលើផ្លូវដ៏ភ្លឺស្វាងនេះ ទាំងសម្រាប់ខ្លួនយើង[ប្រទេសចិន] និងសម្រាប់ប្រយោជន៍ពិភពលោកផងដែរ»។
លោកបានបន្ថែមទៀតថា «វាមិនមានគំរូសម្រាប់ការធ្វើទំនើបកម្មដែលសមស្របនៅគ្រប់កាលៈទេសៈទេ ហើយប្រទេសនីមួយៗ ត្រូវតែស្វែងរកអ្វីដែលឬ ល្អបំផុតសម្រាប់ពួកគេ»។
លោក ស៊ី បានមានប្រសាសន៍បន្តថាគណបក្សកុម្មុយនិស្តចិនតែងតែ មានឆន្ទៈធ្វើការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ ជាមួយគណបក្សនយោបាយនៃបណ្ដាប្រទេសដទៃលើពិភពលោក ដើម្បីរួមដៃគ្នាធ្វើអំពើកាន់តែល្អសម្រាប់ ប្រជាជនចិននិង ប្រជាជននៅជុំវិញពិភពលោក។
ការអត្ថាធិប្បាយរបស់លោក ស៊ីបានធ្វើឡើងជិតមួយសប្ដាហ៍ បន្ទាប់ពីការប្រារព្ធខួបទី១០០នៃគណបក្សកុម្មុយនិស្តចិន ដែលមានលោក ស៊ីផ្ទាល់ជាអគ្គលេខាធិការបក្សផងដែរ ហើយក្នុងពិធីនោះលោកបានសម្ដែងការប្ដេជ្ញាថានឹងដឹកនាំប្រទេសឱ្យសម្រេចក្ដីសុបិនជាតិឱ្យបាន។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីចិនរូបក៏បានធ្វើការពិភាក្សាតាមសន្និសីទវីដេអូ ជាមួយ អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ ក្នុងឱកាសនោះ លោក ស៊ីបានសម្ដែងក្ដីសង្ឃឹមថា សហភាពអឺរ៉ុបនឹងដើរតួនាទី កាន់តែសកម្មបន្ថែមទៀតនៅក្នុងកិច្ចការអន្តរជាតិ ការទទួលយកស្វ័យភាពយុទ្ធសាស្ត្រ និងការរួមគ្នាថែរក្សាសន្តិភាពពិភពលោក។ ។
នៅក្នុងសុន្ទរកថារបស់លោក កាលពីថ្ងៃអង្គារ លោក ស៊ីក៏បានឆ្លៀតរិះគន់សហរដ្ឋអាមេរិកផងដែរ ដោយលោកបាននិយាយថាគ្នាប្រទេសណាមួយអាចកំណត់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសផ្សេងទេ ហើយប្រទេសនីមួយៗគួរតែមានសិទ្ធិនិងស្វ័យភាពជ្រើសរើសដំណោះស្រាយដោយខ្លួនឯង។
លោក ស៊ី បាននិយាយថា៖ «មាគ៌ាឆ្ពោះ ទៅរកសុភមង្គលអាចមានភាពខុសគ្នា ហើយប្រជាជនប្រទេសនីមួយៗ គួរតែជ្រើសរើសវិធីនៃការអភិវឌ្ឍន៍ទាំងប្រព័ន្ធ និងគំរូ»។
ដោយមិននិយាយឈ្មោះសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មលើមន្ត្រី និងនីតិបុគ្គលចិនលើបញ្ហាផ្សេងៗដូចជាបញ្ហាជនជាតិអ៊ុយហ្គ័រនៅតំបន់ស៊ីនជាំង បញ្ហាហុងកុងជាដើម លោកស៊ី បានរិះគន់ការប៉ុនប៉ង របស់នរណាម្នាក់ដើម្បីបង្កើតការរារាំងបច្ចេកវិទ្យា គម្លាតវិទ្យាសាស្ត្រ ឬការឈានទៅរកកាត់ផ្ដាច់ការអភិវឌ្ឍន៍។
ស្របពេលជាមួយគ្នានេះដែរ លោក ស៊ី បានសង្កត់ធ្ងន់ថា ការធ្វើទំនើបកម្មរបស់ចិនបានទទួលជោគជ័យខ្ពស់ក្នុងការបញ្ចប់ ភាពក្រីក្រនៅក្នុងប្រទេស និងបានផ្ដល់កម្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ហើយលោកស៊ីក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំងនឹងឈរជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច។ មឹង ច័ន្ទសុម៉ានីតា