មេឃុំ និងមេភូមិ ត្រូវបានមន្ត្រីជំនាញកោះហៅ មកធ្វើកិច្ចសន្យា បញ្ឈប់រាល់ការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់ លើប្លង់បង្ហាញទីតាំងដីនៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ

អត្ថបទដោយ៖
ជា សេឌី

រឿងរ៉ាវដីព្រៃរបស់រដ្ឋជាច្រើន បានទាក់ទងទៅនិងមន្ត្រីមូលដ្ឋានបានចេញលិខិតបញ្ជាក់ដោយមិនមានឯកសារណាច្បាស់លាស់ នាំឲ្យមានការខាតបង់ប្រាក់ ខាតទាំងពេលវេលាចំពោះបងប្អូនប្រជាពលរដ្ឋ ដោយ​សារតែការចុះហត្ថលេខាគ្មានហេតុផលត្រឹមត្រូវតាមច្បាប់ ជាក់ស្តែងការកាន់កាប់ដីព្រៃក្នុងតំបន់ការពារមួយចំនួនគឺជាការរំលោភដីរដ្ឋដោយខុសច្បាប់   ដោយការអះអាងផ្ទុយពីផ្លូវច្បាប់របស់លោកមេឃុំ-មេភូមិ។ល។ជាហេតុនាំឲ្យដីរដ្ឋមានការបាត់បង់ ។    ជាក់ស្តែងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញបរិស្ថានបានកោះហៅលោកមេឃុំ-មេភូមិមកធ្វើកិច្ចសន្យា ។ នៅក្នុងលិខិតចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ឧទ្យានជាតិសុរាម្រិតកុសុមៈគិរីរម្យ និងឧទ្យានជាតិមុនីវង្សបូកគោ គឺជាតំបន់ការពារ ធនធានធម្មជាតិដែលបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកក/ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ហើយត្រូវបានការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីការពារ គ្រោះធម្មជាតិព្រៃឈើ សត្វព្រៃ ដែលបម្រើឲ្យសេចក្ដីត្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។ ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថាន បានខិតខំយកចិត្តទុកដាក់ការពារនិងអភិរក្សតំបន់ការពារធនធានធម្មជាតិនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋកម្ពុជា នឹងមនុស្សជាតិគ្រប់ជំនាន់ ។

ក្នុងលិខិតបានសង្កត់ធ្ងន់ថា នៅចំពោះមុខលោកកែវ សុផាត មេឃុំត្រែងត្រយឹង និងលោក សុខ  គឹមសុន ជំទប់ទី២ លោក ប៉ែន ធី មេភូមិទី៦ លោក សួស វិត មេភូមិទីប៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សូមធ្វើការសន្យាចំពោះមុខមន្ត្រីជំនាញ នៃមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ដូចតទៅ៖

១-សូមសន្យា នឹងបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើឯកសារនៃការកាន់កាប់ប្រើប្រាស់ដីធ្លី លើលិខិត ទិញ-លក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់ការពារផ្សេងទៀត ដែលគ្រប់គ្រងដោយក្រសួង    បរិស្ថាន និងមន្ទីរបរិស្ថាន ។   ២-សូមធ្វើការបដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណាដែលមានពាក់ព័ន្ធទៅ នឹងការកាន់កាប់ប្រើប្រាស់ដីធ្លី ក្នុងតំបន់ឧទ្យានជាតិ ដែលនាងខ្ញុំ និងខ្ញុំបាទបានចុះហត្ថលេខានាពេលកន្លងមក ។  ​៣-ប្រសិនបើនាងខ្ញុំ និងខ្ញុំបាទនៅតែបន្តចុះហត្ថលេខានៅលើឯកសារដីធ្លីក្នុងតំបន់ឧទ្យានជាតិបន្តទៀតនោះ  នាងខ្ញុំ និងខ្ញុំបាទសូម ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។   ទន្ទឹមនឹងធ្វើកិច្ចសន្យាខាងលើនាងខ្ញុំ និងខ្ញុំបាទ នឹងចូលរួមដឹកនាំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីតំបន់ការពារធនធានធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ព្រមទាំងចូលរួមសហការជាមួយសមត្ថកិច្ចជំនាញក្នុងការចុះទប់ស្កាត់បង្ក្រាបឲ្យបាននូវបទល្មើសធនធានធម្មជាតិ កាប់គាស់រុករានដីព្រៃឆ្ការដុត និងឈូសឆាយដីព្រៃ  ព្រមទាំងសង់ផ្ទះ សង់តូប សង់រោង ដើម្បីទន្ទ្រានយកដីជាកម្មសិទ្ធិនៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ និងឧទ្យានជាតិមុនីវង្សបូកគោ ។   ដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនមានមុខរបបរកស៊ីទិញ-លក់ដី ពាក់ព័ន្ធ និងតំបន់ខាងលើ  ត្រូវមោឃភាពតាមកិច្ចសន្យារបស់មន្ត្រីមូលដ្ឋាននេះទាំងអស់ ដោយមិនមានការតវាឡើយ ៕ម៉ុន សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner