អ្នកនាំពាក្យ៖ការរំលឹកឡើងវិញពីព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹង និងចង់បង្កអស្ថិរភាពសង្គមឡើងវិញ

ភ្នំពេញ : អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍រំលឹកថា ថ្ងៃ៥-៦កក្កដា ១៩៩៧ បានកន្លងទៅជាង២៤ឆ្នាំរួចហើយ  ហើយការរំលឹកឡើងវិញពីថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹងនិងចង់បង្កអស្ថិរភាពសង្គមឡើងវិញ។ 

ឯកឧត្តមបន្តថា ការរំលឹកឡើងវិញថ្ងៃ៥-៦កក្កដា ជាការអត់ប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ មិនគួរមជ្ឈដ្ឋានប្រឆាំងនឹងក្រុមអមិត្តលើករម្លឹកព្រឹត្តិការណ៍នេះមកវិញទេ។ គឺវាមិនបានចំណេញអ្វីទេ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៧ ខែកក្កដា នេះថាព្រឹត្តិការណ៍ថ្ងៃទីថ្ងៃ៥-៦កក្កដាបានកន្លងហួស២៤ឆ្នាំរួចហើយ ដែលជារយៈកាលមួយវែងបង្គួរហើយ ហើយតាំងពីកើតព្រឹត្តិការណ៍នេះមកត្រូវបានបិទបញ្ចប់តាមរយៈអន្តរជាតិ។ ពីមុនមកហាក់ដូចជាមានការរំជើបរំជួល ពីផ្នែកអន្តរជាតិ ហើយចង់មានការគាបសង្កត់ផ្សេងៗមកលើរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែក្រោយមកយើង​ បានសម្របសម្រួលត្រឹមត្រូវទៅតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ គឺមានការតែងតាំងនាយករដ្ឋមន្ត្រីទី១ រួចមកក៏ប្រក្រតីភាពវិត្រឡប់មកកម្ពុជាវិញហើយបានរៀបចំការបោះឆ្នោតឆ្នាំ១៩៩៨ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថា ជាអច្ឆរិយតាមដងទន្លេមេគង្គ ហើយមិនដែលមានការបោះឆ្នោតណាដែលល្អយ៉ាងដូច្នោះទេ។ការវាយតម្លៃនេះដោយសហភាពអឺរ៉ុប។ 

អ្នកនាំពាក្យដដែលបន្តថា ចូលមកដល់ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ២០២១នេះ មិនគួរមជ្ឈដ្ឋានប្រឆាំងនិងក្រុមអមិត្តលើក រម្លឹកព្រឹត្តិការណ៍៥-៦ ខែកក្កដា ១៩៩៧ មកវិញទេ។ គឺវាមិនបានចំណេញអ្វីទេ។ ពីព្រោះពេលនោះបើរដ្ឋាភិបាល មិនទប់ស្កាត់ការនាំចូលដោយលួចលាក់នៃកម្លាំងខ្មែរក្រហមមករាជធានីភ្នំពេញទេ យើងមិនមានថ្ងៃនេះទេ។ ពេលនោះបើសិនណាវាកើតឡើងមែន ក្រឡាប់ចាក់កម្ពុជា។ សន្តិភាពពេញលេញដែលទទួលបាននាឆ្នាំ១៩៩៨ ក៏អត់មានដែរ។យើងធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាលអីចឹងដោយសារកម្លាំងខ្មែរក្រហមចូលមកនៅក្នុងកម្ពុជា ។ មហិច្ឆតាខ្មែរក្រហម ទោះបីជាបាក់ទ័ពទៅព្រំដែនកម្ពុជា-ថៃក៏ពិតមែន ក៏ប៉ុន្តែវានៅរក្សាកម្លាំង។នៅរក្សាមហិច្ឆតា របស់វាប៉ុនប៉ងវិលត្រឡប់មកកាប់សម្លាប់ប្រជាជនជាថ្មី ។ យើងឃើញថា ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា នេះ ទោះបីជាមហាជនមួយចំនួនបំភ្លេចចោលក៏ពិតមែន ក៏ប៉ុន្តែបើយើងយកមកពិចារណាមានអត្ថន័យធំធេងណាស់ ពីព្រោះវាកើតមុនពេលដែលយើងទទួលបានសន្តិភាពពេញលេញនាថ្ងៃទី១២ ឆ្នាំ១៩៩៨។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ទៀតថា បើគ្មានព្រឹត្តិការណ៍មួយចម្អិនកំពិស ៥-៦ កក្កដា ១៩៩៧ ទេ។ បើទប់ស្កាត់មិនបានទាន់ពេលវេលាទេ គឺប្រទេសកម្ពុជាមិនមានអ្វីៗដូចបច្ចុប្បន្ននេះទេ។

គួរបញ្ជាក់ថា ថ្ងៃទី៥-៦ ខែកក្កដា ១៩៩៧ ដែលកម្លាំងទ័ពគ្រប់គ្រងដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្រ្តីទី១ និងកម្លាំងទ័ពគ្រប់គ្រងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ បានប៉ះទង្គិចគ្នានៅកណ្តាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ១៩៩៧ គឺជាការបង្រ្កាបពួកអនាធិបតេយ្យជ្រុលនិយមខុសច្បាប់។ បើគ្មានការបង្រ្កាបទាន់ពេលវេលាទេ កម្ពុជាមិនអាចមានថ្ងៃនេះទេ ព្រោះពួកនេះ បាននាំទាហានខ្មែរក្រហម ដែលជាក្រុមប្រល័យពូជសាសន៍ចូលមករាជធានីភ្នំពេញហើយនាំអាវុធខុសច្បាប់មកបង្កលក្ខណៈលំបាក។ ការនាំទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ និងការនាំចូលអាវុធខុសច្បាប់យ៉ាងច្រើនមកកម្ពុជារបស់គណបក្សហ៊្វុនស៊ិនប៉ិច សម័យនោះ គឺជាទង្វើមួយដែលមិនអាចអត់ឳនឲ្យបានឡើយ ហើយកម្លាំងទ័ពដែលស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវតែចេញអន្តរាគមន៍ដោះស្រាយឲ្យទាន់ពេលវេលា៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner