រដ្ឋមន្ត្រីការបរទេសកម្ពុជា-រដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី ជួបគ្នាតាមទូរស័ព្ទពិភាក្សាលើកិច្ចការសំខាន់បន្ទាន់មួយចំនួន

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបវត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី លោកស្រី ម៉ារីស ផេន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១  ដើម្បីពិភាក្សាលើកិច្ចការសំខាន់បន្ទាន់ រួមមាន កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ការពង្រឹងភាពជាដៃគូអាស៊ាន-អូស្រ្តាលី និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន។

នៅជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណអូស្ត្រាលីសម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការចូលរួមប្រកបដោយអត្ថន័យរបស់អូស្រ្តាលីជាមួយអាស៊ាន និងបានកោតសរសើរអូស្ត្រាលី ចំពោះការគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។

សម្រាប់ការត្រៀមលក្ខណៈធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលីអំពីអាទិភាពមួយចំនួន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារ  សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ 

លោកជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលីក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោកជំទាវបានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។ លោកជំទាវ ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។  

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលីដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរប្រទេសអូស្ត្រាលីដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តមបានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្រ្តាលីជាមួយ អាស៊ាន នឹងរួមចំណែកបន្ថែមទៀតយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធានាឱ្យ សម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូលដែលជាគ្រួសារដ៏រឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។ ឯកឧត្តមបានចែករំលែកអាទិភាពមួយចំនួនសម្រាប់ឆ្នាំក្រោយដែលកម្ពុជាធ្វើជាប្រធានអាស៊ាន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខណៈពេលធ្វើការលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥លើកកម្ពស់ការ ចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរ ការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។ 

ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាននាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកចន្ឆប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ ឯកឧត្ដម ក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍ អាស៊ាន។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ផងដែរ៕

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner