រុស្ស៊ី​ឃុំ​ខ្លួន​​មន្រ្តី​កុងស៊ុល​អេស្តូនី​ បន្ទាប់​ពី​​ចោទ​ប្រកាន់​ថា​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ពលរដ្ឋ​រុស្ស៊ី​ម្នាក់​

ហួន​ ឌីណា

មន្ត្រី​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​បាន​ឃុំ​​មន្រ្តី​កុងស៊ុល​របស់​អេស្តូនី​ប្រចាំ​ក្រុង​ St. Petersburg ​លោក ​Mart Latte​ កាល​ពី​​ថ្ងៃអង្គារ​ទី​ ០៦ ​កក្កដា ​បន្ទាប់​ពី​សេវាកម្ម​សន្តិសុខ​សហព័ន្ធ​រុស្សី​បាន​ចោទ​ប្រកាន់​ប្រេសិត​រូប​នេះ​ ថា​បាន​ទទួលព័ត៌មាន​សង្ងាត់​ពី​ជនជាតិ​រុស្ស៊ី​ម្នាក់​។​​

សេវាកម្ម​ពិសេស​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី ​Interfax ​ថា​៖ ​«សកម្មភាព​នេះ​មិន​ត្រូវ​គ្នា​នឹង​ស្ថានភាព​បុគ្គលិក​ការ​ទូត​ និង​មាន​លក្ខណៈ​អរិភាព​យ៉ាង​ច្បាស់​ចំពោះ​សហព័ន្ធ​រុស្ស៊ី​។ ​វិធានការនានា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ការ​ទូត​បរទេស​ ស្រប​តាម​បទ​ដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​»​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អេស្តូនី​បាន​និយាយ​ថា​ ការ​ចាប់​ខ្លួន​នេះ​បាន​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ថា​ ​រុស្ស៊ី​កំពុង​ជ្រើស​រើស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​បណ្តា​រដ្ឋ​សហភាព​អឺរ៉ុប​ ជំនួស​ឱ្យ​ការ​បញ្ចៀស​និន្នាការ​អវិជ្ជមាន​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​។​

ប្រទេស​អេស្តូនី​ ដែល​ជា​អតីត​សាធារណរដ្ឋ​សូវៀត​ និង​បច្ចុប្បន្ន​ជា​សមាជិក​នៃ​សហគមន៍​អឺរ៉ុប​ និង​អង្គការ​ណាតូ​ ​តែង​តែ​បញ្ចេញ​មតិ​រិះគន់​ចាស់​ដៃ​ទៅ​លើ​​ក្រុង​មូស្គូ​។​

កាល​ពី​ខែ​មេសានេះ​​ ទីភ្ញាក់​ងារ​​សន្តិសុខ​សហព័ន្ធ​រុស្សី​ក៏​បាន​ឃុំ​ខ្លួន​អ្នក​ការ​ទូត​អ៊ុយក្រែន​ប្រចាំ​ក្រុង​ St. Petersburg ​លោក​ Alexander ​Sosonyuk ​​ដោយ​ចោទ​ប្រកាន់​​ថា​លោក​បាន​ទទួល​ព័ត៌មាន​រសើប​ពី​ជនជាតិ​រុស្ស៊ី​ម្នាក់​​​។​ ក្រោយ​មក​អ្នក​ការ​ទូត​រូប​នេះ ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​​​ពី​ប្រទេស​ ប៉ុន្តែ​ជា​ការ​វាយ​បក​ រដ្ឋាភិបាល​ក្រុ​ងគីវ​បាន​បណ្ដេញ​ចេញ​អ្នក​ការ​ទូត​រុស្ស៊ី​ម្នាក់​ទៅ​វិញ​ដូច​គ្នា​។​

ប្រភព៖ Russia detains Estonian consul after he allegedly received classified material https://www.dw.com/en/russia-detains-estonian-consul-after-he-allegedly-received-classified-material/a-58179744

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner