អាហ្វហ្គានីស្ថាន​ប្ដេជ្ញា​ដណ្ដើម​ដែន​ដី​មក​វិញ ខណៈ​ពេល​​ការ​ដក​កង​ទ័ព​អាមេរិក​បាន​រួចរាល់​ជាង​៩០%

សុខ វេងឈាង

កាល​ពី​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ប្ដេជ្ញា​ដណ្ដើម​យក​​ស្រុក​ទាំង​អស់​ដែល​បាន​បាត់​បង់​ទៅ​អោយ​ក្រុម​តាលីបង់​ បន្ទាប់​ការ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​ប្រទេស​នេះ​ជិត​រួចរាល់​អស់​។

កង​កុម្ម៉ង់ដូ​អាហ្វហ្គានីស្ថាន​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​លុក​យ៉ាង​សាហាវ​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាង​ជើង​ប្រទេស​ មួយ​ថ្ងៃ​បន្ទាប់​ពី​ទាហាន​ជាង​ ១០០០ នាក់​បាន​ភៀស​ខ្លួន​ពី​ការ​វាយ​ប្រហារ​ទៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​។

អគ្គបញ្ជាការដ្ឋាន​មជ្ឈិមបូព៌ា​របស់​អាមេរិក​ការ​ដក​ខ្លួន​កង​ប្រដាប់​អាវុធ​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ដែល​បាន​បញ្ជា​ដោយ​ប្រធានាធិបតី​ចូ បៃដិន​កាល​ពី​ខែ​មេសា ហើយ​​មក​ទល់​ពេល​​នេះ​បាន​​រួច​រាល់​ជាង​ ៩០% ហើយ​​​គេ​គូស​បញ្ជាក់​ថា​ការ​ទទួល​ខុស​របស់​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម​តាលីបង់​កាន់​តែ​កើន​​ឡើង​។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ជា​ច្រើន​ទូទាំង​ប្រទេស ប៉ុន្តែ​ក្រុម​ឧទ្ទាម​បាន​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ ដោយ​បាន​ចូល​កាន់​កាប់​ស្រុក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ​។

ទីប្រឹក្សា​សន្តិសុខ​អាហ្វហ្គានីស្ថាន​លោក Hamdullah Mohib ​ថា​៖ «មាន​សង្គ្រាម មាន​សម្ពាធ​។ ពេល​ខ្លះ​អ្វី​ៗ កើត​ឡើង​ទៅ​តាម​បំណង​របស់​យើអ​ ពេល​ខ្លះ​មិន​ទេ ប៉ុន្តែ​យើង​នឹង​បន្ត​ការពារ​ប្រជាជន​អាហ្វហ្គានីស្ថាន​»។

លោក​បន្ថែម​ទៀត​ថា​៖ «យើង​គ្រោង​នឹង​ដណ្ដើម​ស្រុក​ទាំង​នេះ​មក​វិញ​»​។

កងទ័ព និង​កងជីវពល​គាំទ្រ​រដ្ឋាភិបាល ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត Takhar និង Badakhshan ដែល​ជា​កន្លែង​ក្រុម​តាលីបង់​បានសម្រុក​​ចូល​កាន់​កាប់​​ហើយ​ជា​រឿយ​ៗ​ដោយ​គ្មាន​ការ​តបត​វិញ​។

ក្រុម​មន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន បាន​និយាយ​ថា​ពួកគេ​មាន​បំណង​ផ្ដោត​លើ​ការ​ធានា​សុវត្ថិភាព​ទីក្រុង​ធំ​ៗ​ ផ្លូវ​សំខាន់​ៗ និង​ទីក្រុង​តំបន់​ព្រំដែន​ដែល​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​របស់​តាលីបង់​។ ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​ជើង បាន​បង្ខំ​ឱ្យ​រុស្សី​បិទ​ស្ថាន​កុងស៊ុល​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​ធំ Mazar-i-Sharif ក្បែរ​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ូបេគីស្ថាន​។

ល្បឿន​និង​ភាព​ងាយ​ស្រួល​នៃ​ការ​ចូល​កាន់​កាប់​តំបន់​ខាង​ជើង​ដោយ​តាលីបង់​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​តំណាង​ឱ្យ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

តំបន់​នេះ​ធ្លាប់​ជា​ទីតាំង​មូលដ្ឋាន​សម្រាប់​ក្រុម​ប្រឆាំង​របប​តាលីបង់ «សម្ព័ន្ធមិត្ត​ខាង​ជើង​» ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​ដ៏​គួរ​ឱ្យ​សាហាវ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ ហើយ​មិន​ដែល​ត្រូវ​បាន​សត្រូវ​វាយ​បែក​ទេ​។

សេចក្ដីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី Ashraf Ghani បាន​ស្តី​បន្ទោស​តាលីបង់​ចំពោះ​«ការ​បង្ហូរ​ឈាម​និង​ការ​បំផ្លិចបំផ្លាញ​ទាំង​អស់​» ដោយ​បន្ថែម​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ចុះ​ចាញ់​ក្រុម​ឧទ្ទាម​ទេ​។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ​កង​ទ័ព​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ជាង ១.០០០ នាក់​បាន​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​តាហ្ស៊ីគីស្ថាន​។

ទាហាន​ម្នាក់​បាន​និយាយ​ថា​៖«យើង​ត្រូវ​តែ​បោះបង់​ចោល​មូលដ្ឋាន​របស់​យើង​ពី​ព្រោះ​គ្មាន​ការ​សម្រប​សម្រួល​ឬ​ការ​យក​ចិត្ត​ទុកដាក់​ណា​មួយ​ក្នុង​ចំណោម​មេបញ្ជាការ​របស់​យើង​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​នោះ​ទេ​។

ប៉ុន្តែ​លោក Mohib បាន​និយាយ​ថា​ទាហាន​ដែល​បាន​ភៀស​ខ្លួន​កំពុង​វិល​ត្រឡប់ ហើយ​នឹង​ចូល​រួម​ជា​មួយ​កម្លាំង​សន្តិសុខ​វិញ​។ លោក​បាន​និយាយ​ថា៖« ពួក​គេ​ប្រហែល​ជា​បាន​បោះបង់​ចោល​មុខ​តំណែង​របស់​ពួកគេ​ពី​ព្រោះ​ពួក​គេ​បាន​អស់​គ្រាប់​រំសេវ ឬ​ពួកគេ​អស់​គ្រឿង​ផ្គត់ផ្គង់ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រត់​ចោល​ជួរ​ទៅ​ចូល​រួម​ជា​មួយ​តាលីបង់​ឡើយ»​។

ការ​ចាកចេញ​របស់​អាមេរិក​ចេញ​ពី​មូលដ្ឋាន​អាកាស Bagram ដែល​បាន​ផ្តល់​ជំនួយ​អាកាស​ចាំ​បាច់​សម្រាប់​ការ​ប្រយុទ្ធ បាន​បង្កើន​ភាព​លំបាក​នៃ​វិបត្តិ​ដែល​ប្រឈម​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។ រដ្ឋាភិបាល​ហាក់​ដូចជា​មាន​ការ​ខ្មាសអៀន​ចំពោះ​ការ​មិន​ដឹង​អំពី​ការ​ចាក​ចេញ​របស់​អាមេរិក​ពី​មូលដ្ឋាន Bagram នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ធ្វើ​ឱ្យ​ទាហាន​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​ដែល​មិន​ឃើញ​មាន​មនុស្ស​ក្នុង​មូលដ្ឋាន​អាកាស​នេះ​។

ការ​ដក​ចេញ​កងទ័ព​លោក​ខាង​លិច​យ៉ាង​ឆាប់​រហ័ស​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ក្រៅ​ពី​ក្រុម​តាលីបង់ ក្រុង​ភេរវករ​ផ្សេង​ទៀត​ដូចជា​អាល់កៃដា និង​រដ្ឋ​អ៊ីស្លាម​ អាច​នឹង​រើ​បម្រាស់​ឡើង​វិញ​ ដែល​អាច​បង្ក​អស្ថិរភាព​បន្ថែម​ទៀត​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។

រដ្ឋាភិបាល​រុស្សី​បាន​និយាយ​ថា​ពួកគេ​ត្រៀម​ប្រើ​មូលដ្ឋាន​ទ័ព​នៅ​តាហ្ស៊ីគីស្ថាន​ ដែល​ជា​មូលដ្ឋាន​របស់​រុស្សី​ធំ​ជាង​គេ​លើ​ដែនដី​បរទេស​ ដើម្បី​រក្សា​ស្ថិរភាព​ប្រទេស​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ប្រសិន​បើ​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន​កាន់​តែន​ដុនដាប​។

Source:

https://www.channelnewsasia.com/news/world/us-military-withdrawal-from-afghanistan-more-than-90-complete-15167132

https://www.reuters.com/article/us-afghanistan-conflict-russia/russia-says-afghan-situation-can-swiftly-worsen-pledges-help-if-needed-idUSKCN2ED0KP

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner