សមត្ថកិចបានឃាត់ខ្លួនលោក ស្រេង ប្រណី និងកូនចៅពីរនាក់លួចស្តុកឈើទុក
សៀមរាប ៖ យោងតាមប្រភពបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើមួយកន្លែង ត្រង់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រកឃើញឈើល្មើសច្បាប់មួយចំនួន រីឯម្ចាស់ដេប៉ូម្នាក់ និងគូកន ២នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ។
លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើឈ្មោះ តាំង សុខនី ត្រង់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ វត្ថុតាងមានដូចជា ១-ឈើ ប្រភេទសុក្រម ចំនួន ១៧៤ដុំ, ស្មើ៧៧៤២ ម៉ែត្រគូប ។ លោកបញ្ជាក់ថា ចំពោះវត្ថុតាងខាងលើត្រូវបានដកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តបន្តតាមនីតិវិធី ។
ប្រភពខាងលើ បានឲ្យដឹងថា ដោយមានការសង្ស័យ និងមានការក្លែងបន្លំភូតកុហកផងដែរនោះ សមត្ថកិច្ចបានសម្រេចសួរនាំមនុស្សចំនួន ៣នាក់ក្នុងនោះម្នាក់ឈ្មោះ ស្រេង ប្រណី ដែលជាអតីតថៅកែឈ្មួញឈើគ្រញូងប្រចាំទិសឧត្តរ និងគូកនចំនួន២នាក់ទៀត។
គួររម្លឹកផងដែរថា នៅដើមឆ្នាំ២០២១នេះ ឈ្មួញឈើឈ្មោះ ស្រេង ប្រណី បានដើរធ្វើព្យុះធ្វើភ្លៀងរហូតមកបានក្លាយជាថៅកែដេប៉ូឈើ ហើយក្រោយមកក៏ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយដែររឿងឆបោក នៅពេលនេះគេចាំមើលថា តើលោក ស្រេង ប្រណី និងបក្សពួករបស់ខ្លួនអាចជាប់ម្តងទៀតទេដោយសារស្តុកឈើគ្មានច្បាប់ក្នុងដេប៉ូដែលដើរអួតអាងប្រាប់គេថាមានច្បាប់ ។ យ៉ាងណាម៉ិញមហាជនបានសាទរ ចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលមានវិធានការក្តៅៗដើម្បីទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើបន្ថែមទៀតពីសំណាក់ក្រុមខិលខូចកាប់ឈើក្នុងតំបន់អភិរក្សជាដើម ៕ ដោយ ស៊ាន សុផាត