កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

ភ្នំពេញ : ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ ធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប (EU) ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ដោយមានការចូលរួមពីដៃគូ ASEM ទាំង៥៣ប្រទេស និងស្ថាប័ន។

ឯកឧត្តម លុយ ដាវីត បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែកក្កដា នេះថា កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ គឺមានរយៈពេល២ថ្ងៃ នៅថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០២១ បានពិភាក្សាលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។ ឯកសារដ៏សំខាន់នេះ នឹងត្រូវអនុម័តដោយថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីការពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ប៉ុន្តែបានសម្រេចលើកពេលវិញ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner