អង្គការ WHO៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់ច្រើនជាង១០០ហើយ
បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ត្រូវបានគេរាយការណ៍ពីការរកឃើញនៅក្នុងប្រទេស និងតំបន់ជាង១០០ហើយ ។
របាយការណ៍ចុងក្រោយរបស់អង្គការ WHO បានអោយដឹងថា ប្រទេស និងតំបន់ចំនួន១០៤ហើយត្រូវបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ កើនឡើង០៧ប្រទេស បើធៀបនឹងតួលេខកាលពីសប្តាហ៍កន្លងទៅ ។
ដោយឡែកការស្វែងរកវីរុសបម្លែងខ្លួនថ្មីផ្សេងទៀត ដែលគិតត្រឹមថ្ងៃអង្គារដដែលនេះ ប្រទេស និងតំបន់ដែលបានរាយការណ៍ពីការរកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Alpha ដែលមានប្រភពដើមនៅចក្រភពអង់គ្លេសនោះ មានចំនួនសរុប១៧៣ កើនឡើងមួយប្រទេសប៉ុណ្ណោះបើធៀបនឹងតួលេខកាលពីសប្តាហ៍កន្លងទៅ ។ អង្គការ WHO បានផ្តល់នូវទិន្នន័យធ្វើបច្ចុប្បន្នភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី ចាប់តាំងពីខែមេសា ឆ្នាំ២០២១នេះ ៕ ប្រភព៖ NHK


