ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម នឹងអនុម័តចុងក្រោយថា លើកពេល ឬអត់ ក្នុងកិច្ចប្រជុំតាមអន ឡាញនារសៀលនេះ

បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ រយៈពេល ១៤ថ្ងៃកាលពីថ្មីៗ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាល ក្នុងការកំណត់សេណារីយ៉ូរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ ថ្ងៃនេះ គឺជាថ្ងៃកំណត់ ដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តម្រូវឲ្យរដ្ឋាភិបាលទីក្រុងហាណូយ អនុម័តចុងក្រោយអំពីជោគវាសនាស៊ីហ្គេមលើកទឹកដីរបស់ខ្លួន នៅថ្ងៃទី០៨ ខែកក្កដានេះ ។


តាមការគ្រោងទុក ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងបើកកិច្ចប្រជុំតាមអនឡាញនារសៀលនេះ ដើម្បីស្ដាប់ការសម្រេចចិត្តចុងក្រោយរបស់ភាគីវៀតណាម ថាតើស៊ីហ្គេមចុងឆ្នាំនេះ នឹងត្រូវលើកពេល ឬក៏អត់? ។

ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា វៀតណាមនៅសល់សេណារីយ៉ូ២ សម្រាប់រៀបចំស៊ីហ្គេម លើកទី៣១ ដែលត្រូវសម្រេចថ្ងៃនេះ ទី១-រក្សាការប្រកួត នៅដដែលចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ និងទី២-ពន្យារពេលទៅរៀបចំនាខែមេសា ឬខែឧសភា ឆ្នាំ២០២២ វិញ ។ រីឯសេណារីយ៉ូទី៣ ដែលវៀតណាមចង់លើកពេលទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ត្រូវបានលុបចោលហើយ ។


គួរបញ្ជាក់ថា ថ្ងៃនេះ គឺជាកិច្ចប្រជុំថ្នាក់តំបន់លើកទី៣ ដើម្បីត្រួតពិនិត្យ និងសម្រេចលើសំណើរបស់ម្ចាស់ផ្ទះវៀតណាម ដែលដំបូងឡើយចង់ពន្យារពេលស៊ីហ្គេម ទៅពាក់កណ្ដាលឆ្នាំ២០២២ តែត្រូវបានបណ្ដាប្រទេសអាស៊ានមិនគាំទ្រ ។ តែក្រោយមក មានការកែសម្រួលសេណារីយ៉ូ២ ទៀតដែលជាជម្រើសចុងក្រោយរបស់ខ្លួន ទើបទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន ទោះបីប្រទេសភាគច្រើន នៅតែចង់ឲ្យវៀតណាមរក្សាការប្រកួតនៅដដែលច្រើនជាងក៏ដោយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner