អេហ្ស៊ីប និងអេត្យូពីពាក់មុខយក្សដាក់គ្នាក្រោយ អេត្យូពីសង់ទំនប់វារីអគ្គិសនីលើទន្លេនីលជាឯកតោភាគី

រដ្ឋាភិបាល​អេហ្ស៊ីប​អោយដឹង​ថា ខ្លួនបានទទួលសេចក្តីជូនដំណឹងជាផ្លូវការមួយពីប្រទេសអេត្យូពីថា​ ប្រទេស​នេះ​បាន ចាប់ផ្តើម​ដំណាក់កាល​សាងសង់​ដំបូងរបស់​ខ្លួន​ ក្រោយ​ចាក់​បំពេញ​ទំនប់វារីអគ្គិសនី​ដ៏​ធំ​មួយ​​លើដៃទន្លេដ៏សំខាន់របស់ទន្លេនីល និង​​ជា​ទីតាំង​បង្កឱ្យ​មាន​ភាពតានតឹងជាច្រើនថ្ងៃ មុនពេល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខអង្គ​ការសហប្រជាជាតិ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ពេល​ខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ ចេញ​កាលពីល្ងាចថ្ងៃចន្ទថា ក្រសួងធារាសាស្រ្តអេហ្ស៊ីប​បដិសេធយ៉ាងដាច់អហង្ការ ចំពោះសកម្មភាព​ឯកតោភាគីនេះ​ហើយបាននិយាយថា សកម្មភាពនេះ​រំលោភច្បាប់ និង​បទដ្ឋានអន្តរជាតិ ដែលគ្រប់គ្រងលើ​គម្រោង សាង​សង់​នៅ​លើ​ព្រំដែនទឹក​​​រួម​គ្នា​នៃ​ទន្លេ​អន្តរជាតិមួយនេះ​​។​

ទំនប់វារីអគ្គិសនីហ្គ្រេនអេត្យូពី (GERD) ដែលត្រូវបានគេកំណត់ថា ជាគម្រោងវារីអគ្គិសនីធំ​បំផុត​នៅ​ទ្វីប​អាហ្រ្វិក​ បាន​ក្លាយ​ទៅជាប្រភព​ជម្លោះ ផ្នែកការទូតជិតមួយទសវត្សរ៍​រវាងប្រទេសអេត្យូពី​ និង​ប្រទេស​នៅ​ខាង​ក្រោម​ទន្លេ រួមមាន​ ប្រទេសអេហ្ស៊ីប និងប្រទេសស៊ូដង់។

ប្រទេសអេហ្ស៊ីប និងស៊ូដង់ ចង់ឱ្យ​ប្រទេស​នេះ​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ត្រីភាគីស្តី​ពីប្រ​តិបត្តិ​ការ​ទំនប់​វារី​​អគ្គិសនី ​មុន​នឹងដំណើរ​ការ​នៃ​ការ​ចាក់​បំពេញ​ចាប់ផ្តើម។ ប៉ុន្តែ ប្រទេសអេត្យូពី និយាយថា កត្តា​ធម្ម​ជា​តិ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សាងសង់​គម្រោង​នេះ​ ដូច្នេះហើយ​ដំណើរ​ការ​សាងសង់​មិ​នអាចពន្យា​រពេ​លបានទេ។

កាលពីឆ្នាំមុន ប្រទេសស៊ូដង់ បាននិយាយថាដំណើរការនេះ បណ្តាលឱ្យមានការខ្វះខាតទឹក រួមទាំង​នៅទី​ក្រុង​ Khartoum ដែល​ជា​ដែន​ដី​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេសអេត្យូពី។

លោក Yasser Abbas រដ្ឋមន្រ្តីក្រសួងទឹករបស់ប្រទេសស៊ូដង់ បានព្រមានកាលពីខែ មេសា ថា ប្រសិន​បើ​ ប្រទេសអេត្យូពី​ឈានទៅមុខដល់​ដំណាក់កាលទី ២ នៃការចាក់​បំពេញ​ ប្រទេសលោក នឹង​ប្តឹង​ក្រុមហ៊ុន​អ៊ីតាលី​ ដែលជា​អ្នក​សាងសង់ទំនប់វារីអគ្គិស​នី និ​ងរដ្ឋាភិបាលអេត្យូពីផងដែរ​។

ភាគី​ប្រទេស​អេត្យូពី បាន​មានប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់ណាស់​សម្រាប់​ការ​អភិវឌ្ឍន៍​ ប៉ុន្តែ​រដ្ឋាភិបាល​នៅទីក្រុង​ Cairo និងក្រុង​ Khartoum បារម្ភថា គម្រោងនេះអាចនឹង​ធ្វើឱ្យមានការរអាក់​រអួល​ដល់​​ការ​​ទទួលទឹកដល់​ប្រជាពលរដ្ឋខ្លួន​។

ទោះយ៉ាងណា គេមិនឃើញមានអត្ថាធិប្បាយភ្លាមៗ ពីមន្រ្តីរដ្ឋាភិបាលអេត្យូពី ដែល​បញ្ជាក់​ថា​ ការ​ចាក់​បំពេញ​ក្នុង​ដំណាក់កាលទី ២ បានចាប់ផ្តើមហើយ​ ឬ នៅនោះទេ ប៉ុន្តែមន្ត្រីក្រសួងទឹកជាន់ខ្ពស់ បានប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មានបារាំង AFP ថា កាលបរិច្ឆេទនៃការសាងសង់​នឹង​ធ្វើឡើង​ស្រប​តាម​កាលវិភាគ ដែល​ប្រទេសអេត្យូពី​គ្រោង​ទុក​។

ប្រទេសអេត្យូពី បាន​អះអាងថាការបន្ថែមទឹកទៅក្នុងអាងស្តុកទឹក ជាពិសេសក្នុងអំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅខែ កក្កដា និង សីហា គឺ​ជាផ្នែកមួយ​នៃ​សំណង់ ដែល​ជួយ​ដល់​លំហូរ​ទឹក​តាម​ធម្មជាតិ​។ មន្ត្រី​ជាន់​ខ្ពស់​នៅក្រសួងទឹក បាននិយាយថា ការចាក់​បំពេញបន្ថែមនេះ នឹងជួយ​ដល់​លំហូរ​ទឹក​នៃ​ការ​សាង​សង់​គម្រោង​។ ប្រសិនបើទឹកភ្លៀង ត្រូវ​ធ្លាក់​ខ្លាំង​ក្នុង​នៅខែ កក្កដា អញ្ចឹង​វា​គង់​តែ​នឹង​ចាប់ផ្តើមនៅខែ​ដដែល​នេះ​។

អ្នកនាំពាក្យក្រសួងធារាសាស្រ្តអេហ្ស៊ីប លោក Mohamed Ghanim បានប្រាប់បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ថា បរិមាណទឹក​ដែលបានរាំងស្ទះ នឹងអាស្រ័យលើបរិមាណទឹកភ្លៀងតាមរដូវ ដែល​បាន​ហូរចុះ​ នៅក្នុងប្រទេសអេត្យូពី។ លោក​បាន​និយាយថា៖ «យើង​នឹងមិន​ទាន់​ទទួល​​ឥទិ្ធពល​ណា​មួយ​ពីគម្រោង​លើ​ទន្លេ​នីល​ភា្លម​ៗ​នោះទេ​។ ប៉ុន្តែ​ យើង​ត្រូវ​ចាំ​មើល​មួយខែ ឬមួយខែកន្លះទៀត ស្ថានភា​ព​នឹងក្លាយជា​យ៉ាង​ណា»​?

យ៉ាងណាមិញ ទាំងប្រទេសអេហ្ស៊ីប និងស៊ូដង់ បានជំរុញប្រទេសអេត្យូពីឱ្យ​ចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀ​ង​មួយស្តីពីការចាក់បំពេញ និងប្រតិបត្តិការទំនប់នេះ ហើយបានទទូចដល់ក្រុមប្រឹ​ក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ឱ្យ​ដោះស្រាយបញ្ហានេះនៅក្នុងប៉ុន្មានស​ប្តាហ៍ថ្មីៗនេះទៀត​ផង​។

កិច្ចប្រជុំនៅ​ថ្ងៃ ព្រហស្បតិ៍នេះ នេះ ត្រូ​វ​បាន​ស្នើសុំ ដោយទុយនេស៊ី​ក្នុង​នាម​ប្រទេស​អេហ្ស៊ីប​និង​ស៊ូដង់​។ ប៉ុន្តែឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ​  បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមប្រឹក្សា​របស់​ខ្លួន​ មិន​អាចធ្វើអ្វីបាន​ ក្រៅពី​ការបង្រួបបង្រួមភាគីនោះទេ។ នេះ​បើ​តាម​ឱ្យ​ដឹងពី​ប្រភ​ពការទូត​ ដែល​ប្រាប់​ទី​ភ្នាក់ងារសារព័ត៌មាន A​FP ។

រដ្ឋមន្រ្តីក្រសួងការបរទេសអេហ្ស៊ីប លោក Sameh Shoukry បាននិយាយ នៅ​ក្នុងលិខិតមួយផ្ញើទៅ​អង្គការសហប្រជាជាតិ​ថា​ ការចរចាគឺស្ថិតក្នុងភាពជាប់គាំង អេស្ស៊ីប​បាន​ចោទប្រកាន់ប្រទេសអេត្យូ​ពី​ពី​ការ​ប្រកាន់ខ្ជាប់នូវគោលនយោបាយនិរទេស ដែលបានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរួម​របស់ខ្លួន ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀងរួម​មួយនៃ​ភាគី​ទាំង​ពីរ​។

ទោះយ៉ាងណា កន្លងមករដ្ឋាភិបាលអេត្យូពី តែង​ប្រកាសថា ខ្លួន​នឹងបន្តទៅដំណាក់កាលទី ២ នៃ​កា​រ​ចាក់​បំពេញ​ទន្លេ​បន្ត​ទៀត នៅខែ កក្កដា បើ​ទោះ​កិច្ច​ព្រមព្រៀង​រួម​នេះ​ធ្វើ​ចេញ​ ឬ មិន​ចេញ​ក៏​ដោយ។

ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ធ្លាប់បាន​ព្រមាន ប្រទេសអេត្យូពីកាលពីដើមឆ្នាំនេះថា រដ្ឋាភិបាល​អេស្ស៊ីប​ នឹង​មិនអត់ធ្មត់ ចំពោះវិធានការណាមួយ ដែលនឹងកាត់បន្ថយ​ចំណែក​ទឹក​របស់​អេហ្ស៊ីប​ពី​ទន្លេនីលទេ។

ដោយឡែក ប្រទេសស៊ូដង់ក៏សង្ឃឹមថា គម្រោងនេះនឹងជួយ​ទប់​ទល់​​ទឹកជំនន់ប្រចាំឆ្នាំ ប៉ុន្តែខ្លាចថាទំនប់វារី​អគ្គិសនី​នេះ នឹងរងការខូ​ចខាត ព្រោះ​គ្មានកិច្ចព្រមព្រៀ​ងស្តីពីប្រតិបត្តិការរវាង​អេត្យូពី និងប្រទេស​ដទៃ​​។

គួរបញ្ជាក់ផងដែរថា ទំនប់វារីអគ្គិសនីខ្នាតធំនេះ មាន​ប្រវែង ១៤៥ ម៉ែត្រ ដែលចាប់ផ្តើម​សាង​សង់តាំង​ពី​ឆ្នាំ ​២០១១ និង​មាន​សមត្ថភាពផលិតបាន ៧៤ ពាន់លានម៉ែត្រគូប។ ដំណើរ​ការ​ចាក់​បំពេញ បាន​ចាប់​ផ្តើម​កាល​ពីឆ្នាំមុន ដោយ​ប្រទេស​អេត្យូពី និង​​បានប្រកាសនៅខែកក្កដាឆ្នាំ ២០២០ ថា ខ្លួនបានសម្រេច​ ​គោ​ល​​ដៅ​របស់ខ្លួនក្នុង​ការ​សាងសង់​អាង​ស្ទុក​ មាន​សមត្ថភាព​ផ្ទុក​ទឹក​បាន​ទៅដល់​ ៤,៩ ពាន់​លាន​ម៉ែត្រ​គូប​ គ្រប់គ្រាន់ ដើម្បីសាកល្បងទួរប៊ីនពីរដំបូងរបស់ទំនប់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់​មួយ​ឆ្ពោះទៅ​រ​ក​ការ​ផលិត​ថាមពល​នាពេល​ឆាប់​ៗ​។ សៅ សម្ភស្ស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner