ប្រធានាធិបតីហៃទីត្រូវបានធ្វើឃាតនៅនិវេសនដ្ឋានផ្ទាល់ខ្លួន
ប្រធានាធិបតីប្រទេសហៃទីលោក Jovenel Moïse ត្រូវបានជនមិនស្គាល់មុខធ្វើឃាតនៅក្នុងនិវេសនដ្ឋានផ្ទាល់ខ្លួនរបស់លោកនៅរដ្ឋធានី Port-au-Prince កាលពីម៉ោង ១ ទៀបភ្លឺថ្ងៃទី៧ ខែកក្កដា (ម៉ោងនៅប្រទេសហៃទី)។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីស្ដីទី Claude Joseph។

ឯកអគ្គរដ្ឋទូតហៃទីប្រចាំសហរដ្ឋអាមេរិកលោក Bocchit Edmond បាននិយាយនៅក្នុងសន្និសីទកាសែតថា ជំទាវទី១ហៃទី Martine Moïse បានរងរបួសធ្ងន់ក្នុងការបាញ់ប្រហារនេះដែរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
លោកទូតរូបនេះបានឲ្យដឹងថា ប្រធានាធិបតីវ័យ ៥៣ឆ្នាំខាងលើអាចនឹងត្រូវបាន «ទាហានស៊ីឈ្នួល» ដែលទទួលបានការហ្វឹកហ្វឺនយ៉ាងល្អ។ ខណៈក្នុងភស្តុតាងវីដេអូបញ្ជាក់ថា ក្រុមឃាតកទាំងនេះនិយាយភាសាអេស្ប៉ាញ (ហៃទីនិយាយភាសាបារាំង-ហៃទី) ទើបលោកទូត Edmond បានធ្វើការសន្និដ្ឋានថា ពួកគេជាជនបរទេស ហើយក្លែងខ្លួនជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក (DEA)។ យ៉ាងណាមិញ លោកមិនបានផ្ដល់ភស្តុតាងលម្អិតនោះទេ។

បន្ថែមពីលើនេះ លោក Edmond ក៏បានស្នើឲ្យសហរដ្ឋអាមេរិកជួយស៊ើបអង្កេតពីឧក្រិដ្ឋកម្មជាន់ខ្ពស់មួយនេះដែរ។
ក្រោយពេលលោក Moïse ត្រូវបានធ្វើឃាត លោកនាយករដ្ឋមន្ត្រីស្ដីទី Joseph បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកជាបណ្ដោះអាសន្ន ដែលរាល់ការអនុវត្តច្បាប់នៅក្នុងប្រទេសគឺនៅក្រោមសមត្ថកិច្ចរបស់យោធា និងនគរបាលហៃទី។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្នងតំណែងប្រធានាធិបតីនៅហៃទីនៅមិនមានភាពច្បាស់លាស់នៅឡើយ។ Jean Wilner Morin ប្រធានសមាគមចៅក្រមហៃទីបានប្រាប់ CNN ថា ជាធម្មតាប្រធានតុលាការកំពូលត្រូវឡើងជាប្រធានាធិបតីជំនួស តែពេលនេះប្រធានតុលាការកំពូលហៃទីបានបាត់បង់ជីវិតដោយជំងឺកូវីដ-១៩។ បន្ទាប់មកនាយករដ្ឋមន្ត្រីអាចឡើងមកបន្ត ប៉ុន្តែនាយករដ្ឋមន្ត្រីស្ដីទីបច្ចុប្បន្នត្រូវការបោះឆ្នោតដោយសភាជាមុនសិន ទើបឡើងកាន់ជាផ្លូវការបាន ខណៈសភានៅជាប់គាំងមិនដំណើរការ ក្រោយមិនមានការបោះឆ្នោតនាពេលថ្មីៗនេះ។ ហ៊ីមរដ្ឋា