ឥណ្ឌា 🇮🇳 រះរើគណៈរដ្ឋមន្ត្រីចំពេលស្ថានភាពកូវីដ១៩រឹតតែធ្ងន់ធ្ងរ
កាលពីថ្ងៃទី៧ កក្កដា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទម្លាក់រដ្ឋមន្រ្តីជាន់ខ្ពស់ចំនួន១២ រូបពីគណៈរដ្ឋមន្ត្រី ជំនួសដោយរដ្ឋមន្រ្តីខុទ្ទកាល័យចំនួន ១៥ រូប និងរដ្ឋមន្រ្តីចំនួន ២៨រូបផ្សេងទៀត។ នេះបើតាម CNA ថ្ងៃទី៧ កក្កដា។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Harsh Vardhan រដ្ឋមន្រ្តីក្រសួងអប់រំលោក Ramesh Pokhriyal Nishank រដ្ឋមន្រ្តីច្បាប់ និងបច្ចេកវិទ្យាព័ត៌មានលោក Ravi Shankar Prasad និងរដ្ឋមន្រ្តីបរិស្ថានលោក Prakash Javadekar បានលាឈប់ប៉ុន្មានម៉ោងមុនការដកតំណែង។
យោងតាមលោក Modi ការរុះរើនេះ គឺដើម្បីកែលម្អមុខមាត់រដ្ឋាភិបាលរបស់លោក ក្រោយមានការរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងស្ថានភាពកូវីដ១៩។ នេះជាការរុះរើគណៈរដ្ឋមន្រ្តីលើកដំបូង ចាប់តាំងពីលោក Modi ឡើងកាន់តំណែងអាណត្តិទី២ ឆ្នាំ២០១៩។
អ្នកវិភាគនយោបាយបានលើកឡើងថា ទង្វើនេះហាក់បង្ហាញថា រដ្ឋាភិបាលឥណ្ឌាបានទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជម្ងឺកូវីដ១៩ ។

ប្រភព៖ CNA