រដ្ឋមន្រ្តីក្រសួងអប់រំ បានអនុញ្ញាត អោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ- ស្ថានីយ៍ទូរទស្សន៍ ថោន បើកការប្រកួតកីឡាប្រដាល់គុនខ្មែរសង្វៀន៨ជ្រុង នៅឆ្នាំក្រោយ
រាជធានីភ្នំពេញ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡាបានចេញលេខិតជម្រាបជូនមួយប្រាប់ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដោយបានអនុញ្ញាតឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន បើកការប្រកួតកីឡាប្រដាល់គុនខ្មែរសង្វៀន៨ជ្រុងដើម្បីដណ្តើមខ្សែក្រវ៉ាត់ជាតិ និងអន្តរជាតិ ចាប់ពីខែមករា ឆ្នាំ ២០២២តទៅ។
បើយោងតាមលិខិតបញ្ជាក់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនបានឱ្យដឹងថា តបតាមការស្នើសុំពីការបើក ប្រកួតសង្វៀន៨ជ្រុងដណ្ដើមខ្សែក្រវ៉ាត់ជាតិ និងអន្តរជាតិ(IPCC)នោះក្រសួង អប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយ ស្ថានីយ៍ទូរទស្សន៍ ថោន ហ្វូលអេចឌីធីវី បើកការប្រកួតកីឡាប្រដាល់គុនខ្មែរសង្វៀន៨ជ្រុង ចាប់ពីខែមករា ឆ្នាំ២០២២ និងចុះរៀបចំការប្រកួតនៅតាមបណ្តាខេត្តចំនួន០៧ ហើយប្រកួតផ្ដាច់ព្រ័ត្រធ្វើនៅរាជធានី ភ្នំពេញ ។
លិខិតខាងលើបានឱ្យដឹងបន្ថែមថាការអនុញ្ញាតិឱ្យរៀបចំប្រកួតនេះក៏ដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរឱ្យពិភពលោកបានស្គាល់នឹងដឹងថាព្រះរាជាណាចក្រកម្ពុជាមានក្បាច់ គុនខ្មែរ ដែលអាចឈានចូលទៅកាន់សង្វៀនអន្តរជាតិ និងពិភពលោក (IPCC) ហើយការប្រកួតនេះត្រូវអនុវត្ត តាមច្បាប់ និងបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ការងារបច្ចេកទេសជាបន្ទុករបស់សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរចំពោះរាល់ការចំណាយជាបន្ទុករបស់ស្ថានីយ៍ទូរទស្សន៍ថោនទាំងអស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរ ជ្រាប និងសហការ ជាមួយអង្គភាពជំនាញដើម្បីអនុវត្តការងារនេះ តាមការគួរ៕ដោយ៖ម៉ាដេប៉ូ
