ឯកឧត្ដម សូខន ឬទ្ធីគុណ ពិនិត្យការងារអភិរក្សក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន
ឯកឧត្ដម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម សុខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដម វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណ:អភិបាលខេត្តឧត្តរមានជ័យ ប្រតិភូក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋានមួយចំនួនទៀត នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការអភិរក្សនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។
ឯកឧត្ដម សូខន ឬទ្ធីគុណ បានលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ពង្រឹងតួនាទី ភារកិច្ច និងការសហការល្អថែមទៀត ដើម្បីធានាការពារប្រភេទសត្វព្រៃ និង រុក្ខជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះទៀត ក៏ជាការលើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងថែរក្សានិងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញចូលរួមលែងសត្វអណ្តើកធំមួយក្បាល ចូលអូរមួយកន្លែងក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងបានចែកសៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្សនៅតាមស្នាក់ការនៃតំបន់ការធម្មជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ក៏បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣គឺស្រុកអន្លង់វែង ស្រុកសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ លើផ្ទៃដីជាង៣ម៉ឺនហិកតា។
នៅក្នុងដែនជម្រកសត្វព្រៃនេះ ការការពារនិងអភិរក្សមានសារៈសំខាន់សំរាប់អ្នកទេសចរណ៍ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃ និងព្រៃឈើនៅកម្ពុជា៕ ដោយ / គ្រី សម្បត្តិ














