ថ្ងៃទី​២៦-២៧ ខែកក្កដា ​បន្ត​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​

​ភ្នំពេញ: កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ ​ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​នឹង​បន្ត​កិច្ចពិភាក្សា​លើ​បញ្ហា​នៅ​សេសសល់​មួយចំនួនទៀត​របស់ខ្លួន​នៅ ថ្ងៃទី​២៦-២៧ ខែកក្កដា​ខាងមុខ បន្ទាប់ពី​បាន​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​រួចមកហើយ​កាលពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៩ ខែកក្កដា។​

កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២នេះ ​មានការ​ចូលរួម​ពី​ដៃគូ ASEM ទាំង​៥៣​ប្រទេស​ និង​ស្ថាប័ន ដឹកនាំ​ដោយ​ឯកឧត្តម លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ធ្វើជា​សហប្រធាន​ជាមួយ​សហភាព​អឺរ៉ុប (EU)​។

​ឯកឧត្តម លុយ ដា​វីត បាន​មានប្រសាសន៍ប្រាប់ AMS កាលពី​យប់​ថ្ងៃទី​៩ ខែកក្កដាថា ​កិច្ចប្រជុំ​កិច្ចប្រជុំ​ឧ​ត្ត​ម មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ បាន​ពិភាក្សា​ទៅលើ​ខ្លឹមសារ​លើ​សេចក្តីព្រាង​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​។ កិច្ចប្រជុំ​នឹង​បន្តទៅ​ថ្ងៃទី​២៦-២៧ ខែកក្កដា​ខាងមុខនេះ ដើម្បី​បន្ត​ពិភាក្សា​ដែល​នៅ​សេសសល់​មួយចំនួនទៀត​។​

​ឯកឧត្តម​បាន​បន្តថា កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ គឺមាន​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី​៩ ខែកក្កដា ដោយបាន​ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការស្ដារ​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច​ក្រោយ ជំងឺ​កូ​វីដ​-១៩ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​។ ឯកសារ​ដ៏​សំខាន់​នេះ​នឹងត្រូវ​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី១៣ នា​ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ។​

​ឯកឧត្តម លុយ ដា​វីត បាន​បញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឯកភាព​កំណត់​យក​កាលបរិច្ឆេទ​ថ្មី គឺ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​។​

សូមជម្រាបថា នេះ​ជា​លើក​ទី​១ (​តាំងពី​ឆ្នាំ​១៩៩៦​មក​) ដែល​កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ដែល​រៀបចំ​ធ្វើ​២​ឆ្នាំ​ម្តង​។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ( ASEM13) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ​។​ តាម​គម្រោង​កម្ពុជា​ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ដោយសារ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ រាជរដ្ឋាភិបាល​ក៏បាន​លើក​ពេល​នៃ​កិច្ចប្រជុំ​នេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្លាប់បាន​បញ្ជាក់ថា កម្ពុជា​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​ក្រៅ​កិច្ចប្រជុំ​កំពូល​ចំនួន០៧ រួមមានៈ ១. កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប ,២. វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប ,៣. កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​មូលនិធិ​អាស៊ី​-​អឺរ៉ុប ,៤.​វេទិកា​តុមូល​និពន្ធ​នាយក​មូលនិធិ​អាស៊ី​-​អឺរ៉ុប ,៥.​វេទិកា​ការងារ​អាស៊ី​-​អឺរ៉ុប ,៦. វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប និង​៧. មហោស្រព​វប្បធម៌​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​។

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​បន្តថា កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ជា​វេទិកា​សន្ទនា​ដែលមាន​គោលដៅ​ជំរុញ និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​អាស៊ី និង​អឺរ៉ុប ដែល​ឈរលើ​គោលការណ៍​ស្មើភាព​គ្នា និង​ដើម្បី​ប្រយោជន៍​រួម​។ សមាជិក​នៃ​វេទិកា​នេះ ​មាន​ប្រទេស​អាស៊ី និង​អឺរ៉ុប​សរុប​ទាំងអស់៥១ បូក​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និងសហភាព​អឺរ៉ុប​។ នេះ​គឺជា​លើក​ទី​១​ហើយ តាំងពី​ឆ្នាំ១៩៩៦​មក ដែល​កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ដែល​រៀបចំ​ធ្វើ​២​ឆ្នាំ​ម្តង​។ កិច្ចប្រជុំ​នេះ គឺជា​ការបើកផ្លូវ​ឱ្យមាន​ជំនួប​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក​ទាំងមូល រួមមាន​ទាំង​បញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់​សមភា​ព​ស្ត្រី និង​កុមារី ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ី និង​អឺ​រុ​ប សន្តិសុខ ការទប់ស្កាត់​ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជាដើម​៕​
ដោយៈ​ពល​ជ័យ

ឯកឧត្តម លុយ ដា​វីត
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner