មេដឹកនាំយោធាមីយ៉ាន់ម៉ា៖ រុស្ស៊ីនឹងផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន២លានដូសដល់មីយ៉ាន់ម៉ា ចំពេលជំងឺកូវីដ-១៩រាតត្បាតកាន់តែអាក្រក់ខ្លាំង
មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះបញ្ជាក់ថា រុស្ស៊ីបានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២លានដូសគិតចាប់ពីខែនេះ ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីករណីឆ្លង និងស្លាប់កើនឡើងខ្លាំង ។
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា មីន អោងហ្លេង ជាអ្នកដឹកនាំធ្វើរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សានស៊ូជី ចេញពីអំណាចបានបញ្ជាក់ថា ជំងឺឆ្លងបាននិងកំពុងរីករាតត្បាតយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយថា មន្រ្តីជាន់ខ្ពស់ការពារជាតិរុស្ស៊ីបានប្រាប់លោកថា ជំនួយវ៉ាក់សាំងបានធ្វើដំណើរទៅហើយ ។ លោក មីន អោងហ្លេង បានថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាថា ខ្ញុំបានប្រាប់ពួកគេ (រុស្ស៊ី) ថា ខ្ញុំត្រូវការវ៉ាក់សាំង២លានដូស ហើយពួកគេនឹងផ្តល់អោយ ។ ការអះអាងបែបនេះរបស់លោក មីន អោងហ្លេង ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ បាននិយាយកាលពីខែមុនថា រូបលោកបានកំពុងរង់ចាំការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រុស្ស៊ីចំនួន៧លានដូស ។
បើតាមលោក មីន អោងហ្លេង មីយ៉ាន់ម៉ាចង់បង្កើតទីតាំងផលិតវ៉ាក់សាំង Covid-19 នៅក្នុងស្រុកផ្ទាល់ ហើយរុស្ស៊ីចង់សហការ និងបញ្ជូនគណៈប្រតិភូទៅត្រួតពិនិត្យរោងចក្រផលិតរបស់ខ្លួន ក្នុងអំឡុងខែនេះ ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់លម្អិតទៀតនោះទេ ៕ ប្រភព៖ Reuters

